ភ្នំពេញៈ បុរសម្នាក់កំពុងជិះម៉ូតូតាមផ្លូវឆ្លងចរន្តភ្លើង ឆាបឆេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋឃើញហេតុការណ៍ នាំគ្នាជួយយកបំពង់អគ្គិភ័យមកបាញ់ពន្លត់ កាលពីវេលាម៉ោង៧ និង៣០នាទី យប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវបេតុង ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ម៉ូតូដែលត្រូវភ្លើងឆាបឆេះអស់សល់តែគ្រោងឆ្អឹងនេះ មានម្ចាស់ឈ្មោះ រស់ ភារម្យ អាយុ៣០ឆ្នាំ មុខរបរជាងរថយន្តស្នាក់ នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើត នៅស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ។ ចំណែកម៉ូតូម៉ាក ធូដេ ពណ៌ស គ្មានស្លាកលេខ ខាងលើនេះ បន្ទាប់ពីឆេះអស់ ត្រូវម្ចាស់បោះចោលនៅកន្លែងកើតហេតុ។
តាមសាក្សីនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ឃើញបុរសខាងលើជិះម៉ូតូម្នាក់ឯងពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ម៉ូតូជនរងគ្រោះរលត់ ហើយម្ចាស់ខំប្រឹងបញ្ឆេះម៉ូតូស្រាប់តែបែកផ្កាភ្លើងបណ្ដាលឲ្យឆាបឆេះ ផ្ទុះបង្កជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ ហើយពលរដ្ឋនៅកន្លែងកើតហេតុ ឃើញម៉ូតូជនរងគ្រោះកំពុងឆេះដូច្នោះ បាននាំគ្នាយកបំពង់អគ្គិភ័យជួយបាញ់ពន្លត់ដែរតែដោយសារភ្លើងឆាបឆេះខ្លាំងមិនអាចពន្លត់បានទើបម៉ូតូត្រូវភ្លើងឆេះម៉ត់សល់តែគ្រោងឆ្អឹង។
ក្រោយកើតហេតុម្ចាស់ម៉ូតូបានត្រឹមឈរមើល ខណៈម៉ូតូត្រូវភ្លើងឆេះទាំងស្រុងសល់តែគ្រោងឆ្អឹង ហើយបានទូរសព្ឌហៅមិត្តភក្តិ មកឌុបជិះចេញបាត់ទៅដោយទុកគ្រោង ឆ្អឹងម៉ូតូចោលនៅកន្លែងកើតហេតុ៕
មតិយោបល់