ភ្នំពេញៈ ក្រោយពីលោក ថាន់ ឡេង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានបិទបញ្ចប់នីតិវិធីនៃការស៊ើបសួរលើសំណុំរឿងរបស់ជនជាប់ចោទ ឈ្មោះ ឈ្មោះ ហេង សំនាង ហៅយាយព្រឿង ជាមេឈ្មួញរកស៊ីឈើល្បីឈ្មោះប្រចាំខេត្តស្ទឹងត្រែង រួចមក នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧នេះ លោក ពេជ្រ វិជ្ជាធរ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការជាសាធារណៈកាត់ទោស ជនជាប់ចោទរូបនេះហើយ។
ជនជាប់ចោទឈ្មោះ ហេង សំនាង ហៅយាយព្រឿង ត្រូវបានលោក សេង ហៀង តំណាងអយ្យការ ចោទប្រកាន់ ចំនួន ៣បទល្មើសគឺ៖ ទី១.បទ ប្រមូលផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញាតិ, ទី២.បទ ប៉ុនប៉ងលួច , ទី៣.បទ ប្រឆាំងនឹងអ្នករាជការសាធារណ:មានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិអូឫស្សីកណ្តាល ឃុំអូឫស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១២ និង១៣ ខែតុលា ឆ្នាំ២០១៦ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសយោងតាមមាត្រា ៩៨ នៃច្បាប់ស្តីអំពីព្រៃឈើ មាត្រ៣៦១ និងមាត្រា ៥០៤ នៃក្រមព្រហ្មទណ្ឌ។
គួររំលឹកថា ជនជាប់ចោទ ត្រូវបានលោក ថាន់ ឡេង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស ម២ កាលពីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦កន្លងទៅ។
ជនជាប់ចោទ ឈ្មោះ ហេង សំនៀង ហៅយាយ ព្រឿង ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសឃាត់ខ្លួនកាលពីវេលាម៉ោង៤ព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ខណ:ដែលជនជាប់ចោទ យករថយន្តសាំយ៉ុង២គ្រឿង និងនាំកម្មករជាង១០នាក់ ចូលទៅដឹកឈើជាវត្ថុតាងបទល្មើសព្រៃឈើដែលសមត្ថកិច្ចរឹបអូសបាន រួចរក្សាទុកនៅក្នុងបរិវេណស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់។
ឈ្មោះ ហេង សំនាង ហៅ យាយព្រឿង ត្រូវបានសមត្ថកិច្ចក្រុមការងារស្រាវជ្រាវព័ត៌មាន និងបង្ក្រាបបទល្មើសព្រៃឈើកងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជូនខ្លួនមកកាន់រាជធានីភ្នំពេញ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ បន្ទាប់ពីសមត្ថកិច្ចស្នើសុំប្តូរសមត្ថកិច្ចតុលាការពីតុលាការខេត្តស្ទឹងត្រែងមកសាលាដំបូងរាជធានីភ្នំពេញ៕
https://youtu.be/OJq9jwGpSAk
មតិយោបល់