ព័ត៌មានជាតិ

ឌុបម៉ូយមកពីផ្សារ ខ្យល់គរស្លាប់ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យ

កំពត: បុរសម្នាក់ បានដួលសន្លប់ស្តូកស្តឹង ខណ:ឌុបម៉ូយមកពីផ្សារ លុះពេលដល់កន្លែងឈប់ ស្រាប់តែខ្យល់គរដួលសន្លប់ រហូតដាច់ខ្យល់ស្លាប់ក្រោយពីបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៩ ព្រឹក ថ្ងៃទី៣ កុម្ភ: ឆ្នាំ២០១៧នេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ចំណុចភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។

ប្រភពពីកន្លែងកើតហេតុឲ្យដឹងថា បុរសចំណាស់ខាងលើ ជាអ្នករត់ម៉ូតូឌុប ជិះម៉ូតូម៉ាកសង់ការ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល 1H-4708 មានឈ្មោះ ភំ វ័យ អាយុប្រហែលជាង៥០ ឆ្នាំ រស់នៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ រូបគាត់បានដឹកភ្ញៀវ មកឈប់នៅទីតាំងខាងលើ លុះពេលឈប់រូបគាត់បានវិលមុខ ធ្លាក់ពីលើម៉ូតូ ដួលសន្លប់តែម្តង ហាក់ដូចទំនងជាចង់គាំងបេះដូង។ ភ្លាមៗនោះ ក្រុមប្រជាពលរដ្ឋបាននាំគ្នាជួយសង្គ្រោះដោយខ្លះរឹតទ្រូង និងច្របាច់ តែដោយសារសភាពធ្ងន់ធ្ងរនៅតែមិនដឹងខ្លួន ក៏ត្រូវបានសមត្ថកិច្ចចរាចរណ៍តំបន់នោះ ជួយហៅរថយន្តសង្គ្រោះរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ តែជាអកុសលក៏ដាច់ខ្យល់ស្លាប់តែម្តង៕

មតិយោបល់