ព័ត៌មានជាតិ

ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ត្រូវបានចាប់ជួសជុលលម្អឡើងវិញ

ភ្នំពេញៈ ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ដែលជាច្រកកចូលដ៏សំខាន់របស់ប្រាសាទអង្គរវត្ត ត្រូវបានជួសជុលឡើងវិញ ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជាតិ និងមនុស្សជាតិទូទាំងពិភពលោក។ នេះបើតាមទំព័រហ្វេសប៊ុករបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចេញផ្សាយនៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦នេះ។

ទំព័រហ្វេសប៊ុករបស់សម្តេច បានឲ្យដឹងថា ទន្ទឹមនឹងការខិតខំពីកម្ពុជា ដោយខ្លួនឯងក្នុងការថែរក្សា អភិរក្ស និងជួសជុលប្រាង្គប្រសាទជាច្រើននៅក្នុងទឹកដីខេត្ត សៀមរាប ក៏មានមិត្តបរទេស ជាពិសេសអង្គការ UNESCO បានយកចិត្តទុកដាក់ជួយកម្ពុជា នៅក្នុងដំណើរការនេះ។ នៅពេលនេះ គឺយើងឈានទៅជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ដែលមានប្រវែង១៩០ម៉ែត្រ ទទឹង១១,៦០ម៉ែត្រ និងកម្ពស់៤ម៉ែត្រ សាងពីថ្មបាយក្រៀម ក្រាលដោយកម្រាលថ្មភក់ និងលម្អដោយបង្កាន់ដៃនាគយ៉ាងល្អឯក គឺជាច្រកចូលដ៏សំខាន់របស់ប្រាសាទអង្គរវត្តតែម្តង។

រមណីយដ្ឋានអង្គរ គឺជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលបានចុះបញ្ជីនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ បន្ទាប់ពីមានការអំពាវនាវស្នើសុំពីព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ក្នុងព្រះឋានៈ ជាព្រះប្រធាន នៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់ នៅឆ្នាំ១៩៨៩។

ជាមួយនឹងការយកចិត្តទុកដាក់ជួយដល់កម្ពុជា ក្នុងការថែរក្សា អភិរក្ស និងជួសជុលប្រាង្គប្រាសាទនេះ កម្ពុជា សូមអរគុណបណ្តាប្រទេសដៃគូ អ្នកស្ម័គ្រចិត្ត និងគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពាររមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ (International coordinating committee for the safeguarding and development of the historic site of Angkor “ICC-ANGKOR”) ដែលបានចូលរួមក្នុងកិច្ចការសង្គ្រោះ និងអភិរក្សប្រាង្គប្រាសាទក្នុងតំបន់ឧទ្យានអង្គរ រួមទាំងប្រទេសជប៉ុន សាកលវិទ្យាល័យសូហ្វីយ៉ា ដែលបានជួសជុលអភិរក្សប្រាសាទបន្ទាយក្តី កំណាយស្រាវជ្រាវនៅស្ថានីយ៍ឡតានី និងជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្តជាដើម។

ហ្វេសប៊ុកសម្ដេច បញ្ជាក់ថា ដោយសារប្រទេសយើងមានសន្តិភាព ទើបកម្ពុជា មានឱកាស និងពេលវេលាគ្រប់គ្រាន់ ក្នុងការជួសជុលអភិរក្សប្រាង្គប្រាសាទទាំងឡាយឲ្យបានល្អស្អាតឡើងវិញ ដើម្បីជាប្រយោជន៍សម្រាប់ជាតិយើងផង និងដើម្បីសម្រាប់មនុស្សជាតិទូទាំងពិភពលោកផង៕

Angkor_Wat_0905161 Angkor_Wat_0905162 Angkor_Wat_0905163 Angkor_Wat_0905164 Angkor_Wat_0905165 Angkor_Wat_0905166 Angkor_Wat_0905167 Angkor_Wat_0905168

មតិយោបល់