ភ្នំពេញៈ នគរបាលខណ្ឌឫស្សីកែវ សហការជាមួយនគរបាលប៉ុស្តិ៍ និងប្រជាការពារទួលសង្កែ បានធ្វើការជិះល្បាតក្នុងមូលដ្ឋាន ក៏សង្ស័យបានចាប់ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដកហូតឧបករណ៍ឆ្កឹះសោ និងម៉ូតូ មួយគ្រឿង កាលពីវេលាម៉ោង ៤និង៣០នាទី ទាបភ្លឺ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅត្រង់ចំណុចមុខផ្លូវលេខ៦២កែងផ្លូវ១០៣ ក្រុម១២ ភូមិទួលសង្កែ សង្កាត់ទួសង្កែ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង ៣នាក់ ទី១-ឈ្មោះ ជុំ វីរៈ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរសន្តិសុខផ្សារសាំហាន់ មានទីលំនៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ, ទី២-ឈ្មោះ ស៊ឹម សារិទ្ធ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅផ្ទះលេខ១៦ ផ្លូវជតិលេខ៥ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ និងទី៣-ឈ្មោះ បូ រ៉ាមី ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ ជាងភ្លើង មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ចំណែកឯសំភារៈ និងវត្តុតាងដកហូតរួមមាន ដែកលួសចំនួន ២ (សម្រាប់ឆ្កឹះមេសោ), ដែកទួរវីសចំនួន ១, ដែកកាច់សោកម៉ូតូចំនួន ១, ដែកសម្រាប់ឆ្កឹះសោម៉ូតូចំនួន ១ និងម៉ូតូ មួយគ្រឿង ម៉ាក សង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ។
សមត្ថកិច្ចបានបន្តទៀតថា នៅយប់ឈានចូលថ្ងៃទី៤ កម្លាំងសមត្ថកិច្ចខណ្ឌ សហការការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ និងប្រជាការពារទួលសង្កែ បានធ្វើការជិះល្បាតក្នុងមូលដ្ឋាន ដើម្បីការពារសន្តិសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ខណៈពេលដែលកំពុងជិះល្បាត ក៏បានប្រទះគេជនសង្ស័យម្នាក់ ហើយសមត្ថកិច្ចយើងបានបន្តធ្វើការឃាត់ខ្លួបជាបន្តបន្ទាប់ទៀតរហូតបានចំនួន ២នាក់បន្ថែមទៀត ហើយកម្លាំងសមត្ថកិច្ចយើងបាននាំខ្លួនជនសង្ស័យទាំង ៣នាក់ខាងលើ មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ ដើម្បីធ្វើការសាកសួរ។
បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំចាត់ការបន្តតាមផ្លូវច្បាប់៕
មតិយោបល់