ភ្នំពេញ : ប្រជាពលរដ្ឋចំនួន១២៨គ្រួសារ ក្នុងសហគមអណ្តូងថ្មីក្នុង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដែលទើបចាប់ -ឆ្នោតប្តូរទីលំនៅពីសហគមអណ្តូង៦ បានទទួលអំណោយពីកាកបាទក្រហម ដែលមានការចូលរួមពីលោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម កម្ពុជារាជធានីភ្នំពេញ និងលោកស្រីកាលពីរសៀលថ្ងៃទី៨ឧសភា។
លោកប៉ា សុជាតិវង្ស មានប្រសាសន៍ថា ពេលនេះបងប្អូនលែងដើរទៅរស់នៅបែបចល័តទៀតហើយ ដូចជា រស់នៅលើលូ ,លើផ្លូវ ,លើប្រឡាយទឹក ,លើដីសាធារណៈ គឺបងប្អូនមានផ្ទះរស់នៅសមរម្យ មានទឹក មានភ្លើង មានផ្លូវ និងរចនាសម្ពន្ធ័ផ្សេងៗ ទៀត។ សាលារាជធានីភ្នំពេញ ក៏ដូចកាកបាទក្រហមកម្ពុជា សាខារាជធានីភ្នំពេញ មិនដែល ភ្លេចបងប្អូនប្រជាពលរដ្ឋសហគមអណ្តូង ក៏ដូចសហគមផ្សេងៗទៀតនោះទេ គឹតែងផ្តល់ការយកចិត្តទុកដាក់ ពីសុខទុក្ខបងប្អូនជាប់ជាប្រចាំ។
ជាក់ស្តែងសាលារាជធានីភ្នំពេញបាន ចាប់ដៃគូជាមួយកាកបាទក្រហមសាខារាជធានីភ្នំពេញ ដើម្បីជួយដល់បងប្អូនក្នុងសហគម បន្តពីអង្គការ PCL ដែលបានដកខ្លួនចេញដោយបានជួយសាងសង់លំនៅដ្ឋាន រាប់រយខ្នង នៅសហគមអណ្តូងថ្មីនេះ។
លោកអភិបាលបានអំពាវនាវដល់បងប្អូនដែលបានមករស់នៅក្នុងសហគមអណ្តូងថ្មី ត្រូវធ្វើខ្លួនជាម្ចាស់សហគម ចេះការពារថែរក្សាទ្រព្យសម្បត្តិសហគម រួមចំណែកការពារ បរិស្ថានអនាម័យពោលគឺត្រូវចេះរស់ក្នុងវប្បធម៌សហគម រួមទាំងការចូលរួមរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងសហគមផងដែរ។
លោកក៏បានណែនាំឲ្យអាជ្ញាធរសង្កាត់ ខណ្ឌស្រង់ស្ថិតិ ចំនួនប្រជាពលរដ្ឋរស់នៅជាក់ស្តែងក្នុងសហគម ដើម្បីផ្តល់ អត្តសញ្ញាណប័ណ្ណ,សៀវភៅ ស្នាក់នៅ,សំបុត្រកំណើត ជាដើម ជូនបងប្អូនឲ្យបានទាន់ពេលវេលា។
លោកប៉ា សុជាតិវង្ស មានប្រសាសន៏ថាកាកបាទក្រហមកម្ពុជាដែលមានសម្តេចគិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែនជាប្រធាន គឹជាសមាគជាតិដ៏ធំមានកាតព្វកិច្ចជួយប្រជាពលរដ្ឋដោយមិនប្រកាន់និន្នា ការនយោបាយ,សាសនាអ្វីឡើយ គឹប្រកាន់ខ្ជាប់ គោលការណ៍ គ្រឹះ របស់កាកបាទក្រហមទាំង៧។ បងប្អូនប្រជាពលរដ្ឋដែលទទួលបានអំណោយទាំង១២៨គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ២០Kg,មី ១កេស,ភូយ១,មុង១,ទឹកត្រី១យួ,ទឹកស៊ីអ៊ីវ១យួ,ទឹកសុទ្ធ១កេស,ទឹក ដោះគោ៦កំប៉ុង,ស្កសរ១Kg,សាប៊ូ១កញ្ចាប់,អំបិល១Kg,ប្រេងឆា១ដប,ចានបាយ៥,ចាន សម្លរ២,ស្លាបព្រា៥,សម៥,វែក១,កំសៀវ១,ចានកាធុន១និងថវិកា៥០០០រៀល៕
មតិយោបល់