ព័ត៌មានជាតិ

អាវុធហត្ថខេត្ត បញ្ជូនខ្លួនជនសង្ស័យ៣នាក់ទៅតុលាការ

បន្ទាយមានជ័យ : នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦នេះ ជនសង្ស័យចំនួន៣នាក់ ដែលអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនពីបទលួច និងប្រើប្រាស់ថ្នាំញៀន ត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ទទួលលើការងារយុត្តិធម៌ បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦ កម្លាំងអាវុធហត្ថ បានឃាត់ខ្លួន យុវជនម្នាក់ ឈ្មោះ ងួន ម៉េង ហៅតឿ អាយុ២១ឆ្នាំ រស់នៅភូមិ១សង្កាត់ ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បន្ទាប់លួចយកម៉ូតូឆាលី មួយគ្រឿងដែលទុកឲ្យកម្មករជិះជាកម្មសិទ្ធិរបស់ឈ្មោះ ស៊ុ ពិសី ភេទស្រីអាយុ២៩ឆ្នាំ ជាថៅកែស្តង់ទឹកកកយីហោ ស្រីតូច ស្ថិតនៅក្បែរផ្សារសិរីសោភ័ណ។

ជនសង្ស័យ បានសារភាព កម្លាំងជំនាញអាវុធហត្ថ បានបន្តទៅឃាត់ខ្លួន យុវជន២នាក់បន្ថែមទៀត ទី ១-ឈ្មោះ មាស ម៉ៅ អាយុ ២០ឆ្នាំ និងទី២-ឈ្មោះ មាស នី អាយុ ២៨ ឆ្នាំ ជាកម្មករក្នុងស្តង់លក់ទឹកកករបស់ស្រីតូច។

តាមចម្លើយសារភាពរបស់យុវជនទាំង៣នាក់ នៅមុខសមត្ថកិច្ចអាវុធហត្ថថា រូបគេពិតជាបានយកម៉ូតូជិះទៅរកទិញថ្នាំញៀន ប្រភេទ ម៉ាទឹកកក មកជក់មែន ប៉ុន្តែចំពោះការបាត់បង់ម៉ូតូនោះពួកគេមិនបានដឹងទេ។តែទោះជាយ៉ាងណា សមត្ថកិច្ចអាវុធហត្ថខេត្ត បានកសាង សំណុំរឿង បញ្ជូនទៅ តុលាការ ដើម្បីចាត់ការបន្ត៕

Drug0905161 Drug0905162

មតិយោបល់