កណ្តាល: ម្តាយ និងកូនប្រុសបង្កើតជាមុខសញ្ញាជួញដូរគ្រឿងញៀន ត្រូវបានឃាត់ខ្លួន រួមជាមួយវត្ថុតាងគ្រឿងញៀនចំនួន២១កញ្ចប់ និងសម្ភារវិចខ្ចប់គ្រឿងញៀនមួយចំនួនត្រូវបានរឹបអូស នាវេលាម៉ោង១២:៤០នាទី នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ចំណុចភូមិអំពៅព្រៃទី១ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះឡុង ហៀង ភេទស្រី អាយុ៦៧ឆ្នាំ រស់នៅភូមិអំពៅព្រៃទី១ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរលក់ថ្នាំញៀន។ ទី២-ឈ្មោះ ឃឿន សុខគា ភេទប្រុស អាយុ២៤ឆ្នាំ រស់ភូមិអំពៅព្រៃទី១ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្កកណ្តាល មុខរបរលក់ថ្នាំញៀន។ អ្នកទាំង២ ត្រូវជាម្តាយ និងកូនបង្កើត។ វត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន២១កញ្ចប់ (ធំ០៣កញ្ចប់ ធុនកណ្ដាល០១កញ្ចប់ តូច១៧កញ្ចប់) សម្ភារៈសម្រាប់វិចខ្ចប់ដើម្បីជួញដូរ និងប្រើប្រាស់មួយចំនួន។
សមត្ថកិច្ចបន្តថា លោកអធិការ លោកធិការរងនគរបាលស្រុកកណ្តាលស្ទឹង បានដឹកនាំកម្លាំងជំនាញសហការជាមួយប៉ុស្ដិ៍ និងអាជ្ញាធរមូលដ្ឋានភូមិឃុំ ចុះបង្រ្កាបទីតាំងជួញដូរថ្នាំញៀនមួយកន្លែង នៅចំណុចភូមិអំពៅព្រៃទី១ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ដើម្បីធ្វើការឆែកឆេរ នៅលើខ្លួនជនសង្ស័យឈ្មោះ ឡុង ហៀង រកឃើញថ្នាំញៀន០៣កញ្ចប់តូច ដែលកូនស្រីបង្កើតរបស់ជនសង្ស័យឈ្មោះ ឃឿន ស្រីមុំ ភេទស្រី អាយុ៣៤ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុ បានទិញថ្នាំញៀនពីភ្នំពេញ យកមកឲ្យជនសង្ស័យទាំង២នាក់ ម្ដាយ និងប្អូនប្រុសបង្កើតលក់បន្ត។
បន្ទាប់ពីបានឆែកឆេរផ្ទះជនសង្ស័យ និងផ្ទះកូនរបស់ជនសង្ស័យ ឃឿន ស្រីមុំ សមត្ថកិច្ចបានរកឃើញថ្នាំញៀន១៨កញ្ចប់ ក្នុងនោះធំ០៣កញ្ចប់ ធុនកណ្តាល០១កញ្ចប់ តូច១៤កញ្ចប់ និងថង់ផ្លាស្ទិចសម្រាប់វចខ្ចប់មួយចំនួនថែមទៀត។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ម្តាយ និងកូន ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
មតិយោបល់