ឥណ្ឌា៖ កាលពីថ្ងៃអង្គារ មន្ត្រីឥណ្ឌាម្នាក់ បានប្រាប់សារព័ត៍មានរ៉យទ័រ (Reuters) ថា ប្រជាជនឥណ្ឌាកាន់សាសនា ហិណ្ឌូជិត ១ លាននាក់ត្រូវបានគេរំពឹងថានឹងប្រមូលផ្តុំនៅច្រាំងទន្លេ Ganges ថ្ងៃសុក្រនេះ (១៤ មករា) និងថ្ងៃសៅរ៍សម្រាប់ការងូតទឹក បរិសុទ្ធ ទោះបីជាមានការរីករាលដាលនៃការឆ្លងមេរោគកូវីដ១៩ នៅទូទាំងប្រទេសក៏ដោយ ។
គួររំលឹកដែរថា ប្រទេសឥណ្ឌា បានរាយការណ៍ពីករណីឆ្លងកូវីដថ្មី ចំនួន ១៦៨,០៦៣ករណី កាលពីថ្ងៃអង្គារ ដែលជាការកើនឡើង ២០ដងក្នុងរយៈពេលមួយខែ បើទោះបីជាការធ្វើតេស្តមានកម្រិតទាបជាងសមត្ថភាពក៏ដោយ។
អ្នកឆ្លងភាគច្រើន បានជាសះស្បើយនៅផ្ទះ ហើយកម្រិតនៃការសម្រាកព្យាបាលនៅមន្ទីរពេទ្យមានតិចជាងពាក់កណ្តាលនៃចំនួនដែលបានកើតឡើង ក្នុងអំឡុងពេលរលកនៃការឆ្លងដ៏ធំចុងក្រោយ នៅក្នុងខែមេសា និងឧសភា។
រដ្ឋជាច្រើនបានប្រកាសបម្រាមគោចរពេលយប់ ខណៈពេលដែលរដ្ឋធានីដេលី ក៏បានដាក់ចេញវិធានការបិទខ្ទប់ កាលពីចុងសប្តាហ៍ផងដែរ ដោយបានបិទការិយាល័យឯកជន ក៏ដូចជាភោជនីយដ្ឋាន និងបារ ក្នុងគោលបំណងដើម្បីទប់ស្កាត់មេរោគបំប្លែងថ្មីអូមីក្រុង ដែលកំពុងរីករាលដាល។
ប៉ុន្តែអ្នកធម្មយាត្រារាប់ម៉ឺននាក់បានទៅដល់ទីតាំងនៃពិធីបុណ្យ Ganges ប្រចាំឆ្នាំនៅលើកោះមួយក្នុងរដ្ឋ West Bengal ភាគខាងកើត ដែលកំពុងរាយការណ៍អំពីចំនួនករណីច្រើនបំផុតនៅក្នុងប្រទេស បន្ទាប់ពីរដ្ឋ Maharashtra នៅភាគខាងលិច។
លោក Bankim Chandra Hazra រដ្ឋមន្ត្រី West Bengal ទទួលបន្ទុករៀបចំពិធីបុណ្យដែលគេស្គាល់ថាជា Gangasagar Mela បានប្រាប់រ៉យទ័រថា៖ “ហ្វូងមនុស្សអាចកើនឡើងដល់គ្រប់ទីកន្លែងពី ៨០០,០០០ ទៅ ១ លាននាក់។ ហើយពេលនេះ យើងកំពុងព្យាយាមអនុវត្តវិធានការកូវីដ១៩” ។ “យើងក៏បានរៀបចំសម្រាប់ការប្រោះទឹកបរិសុទ្ធពីដ្រូន (drones) ដើម្បីកុំឱ្យមានការកកស្ទះ … ប៉ុន្តែពួកសាឌូស (អ្នកបរិសុទ្ធហិណ្ឌូ) កំពុងតែនាំគ្នាជ្រមុជទឹក។ យើងមិនអាចរារាំងពួកគេបានទេ” ។
សូមរំលឹកផងដែរថា ពិធីបុណ្យសាសនាដ៏ធំមួយស្រដៀងគ្នានេះនៅភាគខាងជើងនៃប្រទេសឥណ្ឌា កាលពីឆ្នាំមុន បានបណ្តាលឱ្យវីរុសបំប្លែងដែលតា ឆ្លងប្រជាជនឥណ្ឌា រាប់លាននាក់ និងបានសម្លាប់មនុស្សរាប់ម៉ឺននាក់។
ជារៀងរាល់ឆ្នាំនៅថ្ងៃទី១៤ ខែមករា នៅថ្ងៃដ៏សំខាន់នៃពិធីបុណ្យ Makar Sankranti អ្នកធ្វើធម្មយាត្រាទៅលេងភូមិ Gangasagar ដើម្បីមុជទឹកនៅចំនុចប្រសព្វនៃទន្លេ Ganges និងឈូងសមុទ្រ Bengal ។ ក្រុមគ្រូពេទ្យវេជ្ជបណ្ឌិតឥណ្ឌា បានអំពាវនាវទៅតុលាការជាន់ខ្ពស់របស់រដ្ឋឱ្យបដិសេធការសម្រេចចិត្តដើម្បីអនុញ្ញាតប្រារព្ធពិធីបុណ្យឆ្នាំនេះដោយបារម្ភថាវានឹងក្លាយទៅជាព្រឹត្តិការណ៍ “រីករាលដាលខ្លាំង” នៃមេរោគនៅក្នុងប្រទេស។
សូមជម្រាបថា ឥណ្ឌាបានរាយការណ៍ថាមានអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣៥.៨៨ លាន ដែលជាចំនួនធំបំផុតរបស់ពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក។ ការស្លាប់បានកើនឡើងដល់ ៤៨៤,២១៣ករណី កាលពីថ្ងៃចន្ទ។ទន្ទឹមនើ ឥណ្ឌាបានធ្វើតេស្តរកមេរោគកូវីដ-១៩ លើប្រជាជនចំនួន ១,៦ លាននាក់ កាលពីថ្ងៃចន្ទនេះ៕
ប្រភព៖ CNA
មតិយោបល់