ព័ត៌មានជាតិ

បើកម៉ូតូលឿនដល់ផ្លូវបំបែក បុកចំពាក់កណ្តាលរថយន្ត បណ្តាលឲ្យដួលបោកក្បាលរបួសធ្ងន់

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីរថយន្តមិនចាំម៉ាកមួយគ្រឿងបើកលឿន ដល់ចំណុចផ្លូវកែងផ្លូវមិនបន្ថយល្បឿនត្រូវម៉ូតូសេ១២៥ កំពុងជិះដោយបុរសម្នាក់ចាប់ហ្វ្រាំងមិនទាន់បុកចំពាក់កណ្តាលរថយន្ត បណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ បែកក្បាលហូរឈាមសន្លប់បាត់ស្មារតី។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង៥០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី ៦ខែ កុម្ភៈ ឆ្នាំ២០១៧ តាមបណ្ដោយផ្លូលេខ ១៤៦ កែងផ្លូវលេខ ២៥៣ ស្ថិតក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់សា្លកលេខ កំពង់ចាម 1G-8884 បានជិះធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៤៦ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើត កែងនិងផ្លូវលេខ២៥៣ ស្រាប់តែមានរថយន្តមិនចាំម៉ាកមួយគ្រឿង បើកតាមបណ្តោយផ្លូវលេខ ២៥៣ ក្នុងទិសត្បូងទៅជើង យ៉ាងលឿនធ្វើម៉ូតូវាក់អើរ ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកចំពាក់កណ្តាលរថយន្ត យ៉ាងពេញទំហឹង បណ្ដាលឲ្យអ្នកជិះម៉ូតូហោះផ្លោង បោកនឹងថ្នល់ រងរបួសធ្ងន់ធ្ងរ ។

ប្រភពដដែលបានបន្ថែមថា ភ្លាមៗនោះរថយន្តដែលត្រូវគេឃើញស្លាកលេខ តែមិនស្គាលម៉ាក នោះក៏បើករត់គេចខ្លួនបាត់ស្រមោលតែម្តង ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅសង្គ្រោះភ្លាមរីឯម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកដើម្បីរង់ចាំបងប្អូនមកទទួលយកទៅវិញ ហើយចំណែករថយន្តដែលបើកគេចពីកន្លែងកើតហេតុ សមត្ថកិច្ចអាចនឹងរកឃើញរថយន្ត ព្រោះមានប្រជាពលរដ្ឋប្រាប់សមត្ថកិច្ចពីស្លាកលេខរថយន្តនោះ ផងដែរ៕

មតិយោបល់