ព័ត៌មានជាតិ

សង្ស័យស្រវឹង បើកម៉ូតូទៅបុករថយន្ត បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ ជិះម៉ូតូសង្ស័យថាស្រវឹង បើកទៅបុករថយន្តកូរ៉ូឡា យ៉ាងពេញទំហឹង បណ្តាលឲ្យដួលផ្លោងអ្នកជិះម៉ូតូបោកផ្ទប់នឹងកញ្ចក់រថយន្តបែក រួចធ្លាប់ចុះមកខាងក្រោម រងរបួសធ្ងន់បែកក្បាល ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង ១៥នាទីយប់ឈានចូលថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើកបររថយន្តម៉ាកកូរ៉ូឡា ពាក់ស្លាកលេខ ភ្នំពេញ 2AC-5684 ឆ្លងស្តុបខណៈនោះ ស្រាប់តែមានបុរសម្នាក់ ជិះម៉ាក ម៉ាកហុងដាសេ១២៥ ម៉ូតូគ្រឿង យ៉ាងលឿន ទិសដៅពីលិចទៅកើត សង្ស័យស្រវឹង មកបុកជាមួយនឹងរថយន្តកូរ៉ូឡាយ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូផ្លោងបោកផ្ទប់នឹងកញ្ចក់រថយន្ត រួចធ្លាក់ចុះមកខាងក្រោម រងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌទួលគោក បានចុះមកធ្វើការពិនិត្យនិងវាស់វែងដល់កន្លែងកើតហេតុ ដោយបាននាំយករថយន្តនិងម៉ូតូខាងលើ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់៕

មតិយោបល់