បន្ទាយមានជ័យ: គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ បណ្តាលមកពីរថយន្ត កូរ៉េចំណុះ១តោនកន្លះផ្ទុះធុងទឹក ខណៈកំពុងបើកបរបណ្តាលឲ្យរេចង្កូតក្រឡាប់ដោយខ្លួនឯងកាលពីវេលាម៉ោង៦ និង០៥នាទីព្រឹក ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះបង្គោលខ្សែភ្លើង១០៨៥-១០៨៦ ស្ថិតក្នុងភូមិឈ្នួរ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ធ្វើឲ្យមនុស្សម្នាក់ស្លាប់នឹង៦នាក់ទៀតរងរបួសធ្ងន់នឹងស្រាល។
នគរបាលស្រុកព្រះនេត្រព្រះបានឲ្យ Post Newsដឹងថា ជនរងគ្រោះដោយគ្រោះថ្នាក់ខាងលើមាន ១-ឈ្មោះ ឡុង សែន អ្នកបើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ បាត់ដំបង 3A-1182 រងរបួសធ្ងន់ទី២-ឈ្មោះ ឡុង សន្តាន់ ភេទប្រុស អាយុ៦៣ឆ្នាំ (ស្លាប់នៅនឹងកន្លែងកើតហេតុ)ទី៣-ឈ្មោះ ហេង ហាន ភេទប្រុស រងរបួសស្រាល ទី៤-ឈ្មោះ បិន ចាន់ដឿន ភេទប្រុស អាយុ១៧ឆ្នាំ រងរបួសធ្ងន់ ទី៥-ឈ្មោះ សល់ ស៊ីណេត ភេទប្រុស អាយុ២០ឆ្នាំ រងរបួសធ្ងន់ និង ទី៦-ឈ្មោះ ជា គិនឡាន់ ភេទប្រុស រងរបួសស្រាល ។ ជនរងគ្រោះទាំង៦នាក់នៅស្រុកបវេល ខេត្តបាត់ដំបង ។
នគរបាលស្រុកព្រះនេត្រព្រះបញ្ជាក់ថា តាមការសាកសួរ ជនរងគ្រោះបានប្រាប់ថា រថយន្តបើកបរក្នុងទិសដៅពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុរថយន្តបានផ្ទុះធុងទឹកធ្វើឲ្យរថយន្ត រេចង្កូតធ្លាក់ពីលើផ្លូវជាតិក្រឡាប់ បណ្ដាលឲ្យមនុស្សស្លាប់ និងរបួស ។
បច្ចុប្បន្ន ជនរងគ្រោះត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តបន្ទាប់ពីធ្វើការវាស់វែងរួចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ៕
មតិយោបល់