ព័ត៌មានជាតិ

លួចផើងផ្កាប្រជាពលរដ្ឋចំនួន ៥ផើង ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: កម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹក ធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យជាចោរលួចចំនួន៣នាក់ ជាបន្តបន្ទាប់ ក្រោយពីពួកគេបាននាំគ្នាធ្វើសកម្មភាពលួចផើងផ្កាចំនួន ៥ផើង ពីផ្ទះប្រជាពលរដ្ឋម្នាក់ នៅម្តុំផ្សារសុវណ្ណាយកទៅលក់បាត់អស់រួចមក ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣រំលងអធ្រាត្រឈានចូលថ្ងៃ៦ ខែកុម្ភ: ឆ្នាំ២០១៧ សំណាងល្អម្ចាស់ផើង ដែលជនរងគ្រោះ មានចិត្តធ៌ម គ្រាន់តែសុំឲ្យចាប់យកមកធ្វើការអប់រំ និងដោះលែងទៅវិញតែប៉ុណ្ណោះ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ទី១ឈ្មោះ ម៉ក់ យុទ្ធ អាយុ៣៧ឆ្នាំ ។ ជនសង្ស័យទី២ឈ្មោះ ឯក សុធា អាយុ២៥ឆ្នាំ និងជនសង្ស័យទី៣ឈ្មោះ ណុប តុងយ៉ាប៊ី អាយុ ២៥ឆ្នាំ ពួកគេមានមុខរបររើសអេតចាយ និងមានទីលំនៅមិនពិតប្រាកដ។

មុនពេលកើតហេតុ ក្រុមជនសង្ស័យទាំង៣នាក់ បាននាំគ្នាជិះម៉ូតូ រម៉ក១គ្រឿង នាំគ្នាទៅធ្វើសកម្មភាពលួចយកផើងផ្កាចំនួន ៥ ផើងពីមុខផ្ទះរបស់ប្រជាពលរដ្ឋម្នាក់ នៅក្បែរផ្សារសុវណ្ណា ហើយជនរងគ្រោះក៏បានមកប្តឹងនគរបាលប៉ុស្តិ៍ទំនប់ទឹកឲ្យជួយស្វែងរកទាំងយប់។

ក្រោយពីទទួលបានដំណឹងនេះភ្លាមកម្លាំងនគរបាលរបស់លោក ក៏បានធ្វើការស្រាវជ្រាវរកចាប់ឃាត់ខ្លួនក្រុមជនដៃដល់ទាំង ៣នាក់ បានជាបន្តបន្ទាប់ផងដែរ តែផើងផ្កាទាំង ៥នោះ ត្រូវបានពួកគេនាំគ្នាយកទៅលក់ និងយកលុយចាយអស់រលីងទៅហើយ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចនាំខ្លួនយកមកធ្វើការសាកសួរ និងធ្វើកំណត់ហេតុ ដើម្បីបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចម្ការមនតាមច្បាប់ តែដោយជនរងគ្រោះជាម្ចាស់ផើងផ្កាខាងលើមានការអាណិតអាសូរទៅដល់ពួកគេដែលសុទ្ធតែជាអ្នករើសអេតចាយ និងគ្មានទីលំនៅពិតប្រាដក នោះក៏សុំឲ្យត្រឹមតែធ្វើការណែនាំរួចក៏ដោះលែងឲ្យមានសេរីភាពវិញអស់ទៅ៕

មតិយោបល់