ភ្នំពេញៈ អគ្គិសនីកម្ពុជា នៅមុននេះបន្តិច បានឲ្យដឹងថា ក្រុមការងារបច្ចេកទេសកំពុងរកកំហូច និងធ្វើការជួសជុលឡើងវិញ នូវចរន្តអគ្គិសនីនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ដែលបានដាច់កាលពីវេលាម៉ោងជាង៣រសៀលនេះ ដើម្បីឲ្យប្រជាពលរដ្ឋមានអគ្គិសនីប្រើប្រាស់ឡើងវិញ។
សេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជា លើកឡើងថា “នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ នៅវេលាម៉ោង៣:២០នាទី មានករណីដាច់ចរន្តអគ្គិសនី នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចាប់ពីភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រហូតដល់គល់ស្ពានព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ក្រុមការងារបច្ចេកទេសកំពុងរកកំហូច និងធ្វើការជួសជុល ដើម្បីឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ។”
ករណីនេះ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនីនេះដោយអនុគ្រោះ៕
មតិយោបល់