កំពតៈ ឪពុកក្មេក និងកូនប្រសារ បានទិញស្រាផឹកលេងជុំគ្នា លុះពេលស្រវឹងធ្លាក់ភ្នែក ក៏ទាស់សម្តីគ្នា រហូតចេញក្បាច់គុណរៀងខ្លួន ដោយកូនត្រូវ២ពូថៅ រីឯឪពុកជាប់ខ្នោះ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល នៅយប់កណ្តាលអាធ្រាត្រ ទី៨ ខែកុម្ភៈ ម្សិលមិញ នៅភូមិប្រស្រែ ឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត។
ប្រភពពីសមត្ថកិច្ចឲ្យដឹងថា ជនដៃដល់ត្រូវជាឪពុកក្មេក ឈ្មោះ ម៉េញ ហ៊ិន អាយុ ៧២ឆ្នាំ ចំណែកកូនប្រសារដែលរងគ្រោះដោយសារឪពុកកាប់ ឈ្មោះ ប៉ុន សុខចំរើន អាយុ៣០ឆ្នាំ។
ប្រភពដដែលបញ្ជាក់ថា នៅវេលាយប់កើតហេតុ ជនរងគ្រោះ និងជនដៃដល់ ២នាក់ឪពុកកូន បានបបួលគ្នា ផឹកស្រា តែលុះពេលស្រវឹង ក៏ឈ្លោះគ្នា សម្តែងក្បាច់គុណរៀងខ្លួន តែឪពុកមានពូថៅ ក៏កាប់កូនប្រសារ២ពូថៅ ចំថ្ងាស់ និងច្រមុះ រងរបួសត្រូវក្រុមគ្រួសារនាំចូលពេទ្យ។ ដោយឡែកឪពុកត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំឡាញ ឃាត់ខ្លួនភ្លាមៗតែម្តង។
បច្ចុប្បន្នជនសង្ស័យកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់