ព័ត៌មានជាតិ

ប្រទេសអាហ្វហ្កានីស្ថាន៖ ​ទិដ្ឋភាពនៅ​អាកាសយានដ្ឋាន​រដ្ឋធានី កាប៊ូល​ មាន​សភាព​បែបណា​?

​ប្រទេស​ធំៗ​​ប្រឹងប្រែង​ដឹកជម្លៀស​ប្រជាជន​របស់ខ្លួន​ចាក់ចេញពី​អាហ្វហ្កានីស្ថាន​ មានជនជាតិ​អាមេរិក បារាំង អង់គ្លេស អាល្លឺម៉ង់ ហូឡង់​ អេស្ប៉ាញ ប៊ែលស៊ិក ដាណឺម៉ាក់ កាណាដា ជាដើម។ល​។​ តាំងពីល្ងាច​ថ្ងៃអាទិត្យ​ ពលរដ្ឋ​អាហ្វាហ្កានីស្ថាន នៅ​ក្រុង​កាប៊ូល​ ជាច្រើន រាប់​ពាន់​​នាក់ ភិតភ័យតក្កមា​ ស្លន់ស្លោ ខំប្រឹង​ស្រវ៉ាស្រទិញ ឡើងជញ្ជាំងថ្ម រំលង​បន្លាលួស តោងចង់​ឡើង​យន្តហោះចាកចេញពីប្រទេស​នឹងគេ​ដែរ។ ក្រុង​កាប៊ូល​ មាន​ពលរដ្ឋ​ប្រមាណ​៧លាននាក់ គឺ​ច្បាស់ជា​មិនអាច​ឡើង​យន្តហោះ​បាន​គ្រប់គ្នាឡើយ​។​

នៅជុំវិញបរិវេណ​​​អាកាសយានដ្ឋាន​ក្រុង​កាបូល​ គឺ​ត្រូវ​ធានាសុវត្ថិភាព​ដោយ​កងទ័ព​អាមេរិក​ ប្រមាណ ៦ ពាន់នាក់។​ អ្នកទទួល​ខុសត្រូវ​អាមេរិក ឲ្យដឹងថា ទាហានអាមេរិក​បាន​បាញ់​កាំភ្លើងឡើង ដើម្បីកំញើញ ​កុំ​ឲ្យ​មនុស្ស​សម្រុក​ចូល​ព្រលាន​យន្ត ឬកុំឲ្យ​​ដណ្តើ​ម​ប្រជែង​គ្នា​ឡើង​យន្តហោះ។​ អាមេរិក ​ត្រូវជម្លៀស​​មន្ត្រី​ទូត ពលរដ្ឋរបស់ខ្លួន​ និង​ជនជាតិ​អាហ្វហ្កានីស្ថាន​ដែល​ធ្វើការ​បម្រើអាមេរិក សរុប​ ៣ម៉ឺននាក់។

ប្រទេស​បារាំងវិញ​ រដ្ឋមន្ត្រី​ការពារជាតិ​បារាំង អ្នកស្រី Florence Parly​​ ថា​នឹង​ជម្លៀស​ប្រជាពលរដ្ឋបារាំង​នៅល្ងាច​ថ្ងៃ​ច័ន្ទ​​ ឆ្ពោះទៅ​ Abu Dhabi រដ្ឋធានី​របស់​ អេម៊ីរ៉ាត់ អារ៉ាប់រួម។

តុល្យការបឋម នៅក្នុង​សភាព​ពពាក់ពពូន ដណ្តើមគ្នា​ឡើង​យន្តហោះ​នេះ​ គឺ​មាន​ស្លាប់មនុស្ស ​យ៉ាងហោច​ ៥ នាក់ នៅ​ព្រលាន​យន្តហោះក្រុង​កាប៊ូល​។​​ នេះបើតាម​សាក្សី​នៅក្នុង​ហេតុការណ៍ ដែលបាន​​ថ្លែងប្រាប់​ភ្នាក់​ងារសារព័ត៌មាន​ Reuters។ ​គេ​មិនទាន់ដឹង​ថា សាកសព​ទាំង​៥នាក់នេះ ស្លាប់​ដោយ​ត្រូវ​គ្រាប់​កាំភ្លើង​ ឬយ៉ាងណាទេ។​

ភ្នាក់ងារ​ខាងអាកាសចរណ៍​ស៊ីវិលអាហ្វហ្កានីស្ថាន ប្រកាស​ថា ផ្លូវ​ហោះហើរ​ត្រូ​វបិទចំពោះ​​យន្តហោះ​ស៊ីវិល វៀរលែង​តែ​យន្តហោះ​យោធា​។ យន្តហោះ​ស៊ីវិល Air France ដែលហោះទៅឆ្ពោះ​អាស៊ី គឺបាន​ជៀសវាង មិន​​ហោះហើរឆ្លងកាត់​​​លើ​ដែន​អាកាស​អាហ្វហ្កានីស្ថាន។ ​យន្ត​ហោះ​ពាណិជ្ជកម្ម ដឹកនាំអ្ន​កដំណើរ ​ និង​យន្តហោះស៊ីវិល​របស់​ក្រុម​ហ៊ុន​អឺរ៉ុប​ជាច្រើនក្រុមហ៊ុន​ សម្រេ​ចផ្អាក មិនធ្វើដំណើរទៅ​ អាហ្វហ្កានីស្ថាន រហូតដល់ទាល់តែ​​មាន​ការ​សម្រេច​ជា​ថ្មី។

 

មតិយោបល់