ព័ត៌មានជាតិ

បុកក្បាលព្រួញចែកទ្រូងផ្លូវបាក់២កង់ហើយ សមត្ថកិច្ចទៅដល់បែរម្ចាស់រថយន្តថា រថយន្តខ្លួនបែកកង់គ្មានរឿងអីទៅវិញ

ភ្នំពេញៈ រថយន្តម៉ាក TOYOTA HILUX REVO មួយគ្រឿង បើកក្នុងល្បឿនលឿនរេចង្កូតទៅបុក ក្បាលព្រួញចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់អស់២កង់ ប៉ុន្តែមិនបង្កឲ្យនរណាម្នាក់ រងរបួសនោះទេ។ បន្ទាប់ពីបុករួចសមត្ថកិច្ចបានចុះមកធ្វើការសាកសួរ បែជាម្ចាស់រថយន្តឆ្លើយប្រាប់សមត្ថកិច្ចថា គ្រាន់តែរថយន្តបែកកង់សោះមានបញ្ហាដែររឺ?។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣៥នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅទល់មុខក្លោងទ្វារផ្សារទំនើបសុវណ្ណា ស្ថិតនៅក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿង ម៉ាក TOYOTA HILUX REVO ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AF-7457 ជិះដោយបុរសម្នាក់ បើកតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីត្បូងទៅជើង រហូតមកដល់ចំណុចកើតហេតុខាងលើ ក៏បុកជាមួយនឹងក្បាលព្រួញពុះចែកទ្រូងផ្លូវបណ្តាលឲ្យបាក់២កង់ ចំណែករថយន្តបានបែកកង់នឹងដាច់ ក្រឡេជិះទៅមុខលែងរួចផងដែរ។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែងដើម្បី បញ្ជាក់ឲ្យដឹងថារថយន្តខាងលើបានបែកកង់មុនបុកទ្រូងផ្លូវរឺ ក៏បុកទ្រូងផ្លូវរួចទើបបែកកង់? បន្ទាប់មកសមត្ថកិច្ចនឹងយករថយន្តខាងលើទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីធ្វើការដោះស្រាយទៅតាមនីតិវិធីច្បាប់៕

មតិយោបល់