ព័ត៌មានជាតិ

ឃាតករលាក់មុខ សម្លាប់មនុស្សជាង ២,០០០នាក់ ខណៈមន្ត្រីជំនាញ ជំរញឲ្យប្រុងប្រយ័ត្ន

ភ្នំពេញ:ដើម្បីលើកកម្ពស់ និងជំរុញដល់ការពាក់មួកសុវត្ថិភាព សម្រាប់ប្រជាជនកម្ពុជា ឲ្យបានកាន់ច្រើនឡើង អង្គការមូលនិធិបង្ការរបួសអាស៊ី បាននិងកំពុងអនុវត្តគម្រោង មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់ ដើម្បីពញ្ញាក់អារម្មណ៍ឲ្យអ្នកធ្វើដំណើរតាមទោចក្រយានយន្ត និងអ្នករួមដំណើរ រួមទាំងកុមារផងនោះ ពាក់មួកសុវត្ថិភាពឲ្យបានគ្រប់គ្នា ព្រោះវាអាចជួយការពារពីរបួសក្បាលបាន។

បើតាមលោក គឹម បញ្ញា នាយកប្រចាំប្រទេសកម្ពុជា អង្គការមូលនិធិបង្ការរបួសអាស៊ី បានលើកឡើងនៅក្នុងកម្មវិធី ពិនិត្យឡើងវិញលើការជំរុញការពាក់មួកសុវត្ថិភាព សម្រាប់អ្នករួមដំណើរតាមទោចក្រយានយន្ត ព្រមទាំងកុមារនៅថ្ងៃទី១០ ខែឧសភានេះថា ឃាតករលាក់មុខបានសម្លាប់មនុស្សប្រមាណជា២២៦៥នាក់ ក្នុងឆ្នាំ២០១៥ ដែលមានការកើនឡើងគួរឲ្យព្រួយបារម្ភ។

ដោយឡែកសម្រាប់ខេត្តកណ្តាល នៅឆ្នាំ២០១៥ ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរមាន ១៧២នាក់ ភាគច្រើនជាអ្នកជិះម៉ូតូ ហើយចំនួននេះមានការកើនឡើងបើធៀបទៅនិងឆ្នាំ២០១៤ ដែលមានត្រឹមតែ១៥០នាក់ ហើយកំណើននេះដែរបើធៀបនិងជំងឺផ្សេងៗ ដូចជា គ្រុនចាញ់ គ្រុនឈាម និងគ្រាប់មីនជាដើមនោះ មានចំនួនប្រមាណជា៣ដង។

លោក គឹម បញ្ញា បញ្ជាក់ថា ការពាក់មួកសុវត្តិភាពជាវិធីការពារ ដ៏សាមញ្ញបំផុត ប៉ុន្តែវាអាចជួយអ្នកបានយ៉ាងល្អប្រសើរ និងជួយបានរហូតដល់ទៅ៦០% យ៉ាងណាមន្រ្តីនគរបាលចរាចរ បានអះអាងថា ក្រោយពីអនុវត្តច្បាប់ យ៉ាងតឹងតែង ក្នុងការចុះអនុវត្តច្បាប់នេះ គេឃើញថាចំនួនអ្នកពាក់មួកសុវត្ថិភាពមានការកើនឡើង ប្រមាណជា២៧% សម្រាប់ខេត្តកណ្តាល និងខេត្តគោលដៅមួយចំនួនទៀត៕

photo_2016-05-10_11-07-40 photo_2016-05-10_11-07-39 photo_2016-05-10_11-07-38photo_2016-05-10_11-07-36

មតិយោបល់