ភ្នំពេញៈ ក្រោយពីសមត្ថកិច្ចបញ្ជូនខ្លួនទៅឃុំនៅ ពន្ធនាគារ PJ កាលពីរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅនោះ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ មន្ត្រីពន្ធនាគារ PJ បញ្ជូនទណ្ឌិតឈ្មោះ ឈាង សុផល ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ ម្ចាស់ក្រុមហ៊ុន អេ ប៊ី អេស (Asia Business Solution Cambodia Co.,LTD) ទីលំនៅផ្ទះលេខ ២០៧ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ តាមដីកាបង្គាប់របស់លោក ឃី ឆៃ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ។
គួររំឭកថា កាលពីរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ស្នងការនគរបាលរាជធានីភ្នំពេញបានអនុវត្តដីកា ចាប់ខ្លួនជនទណ្ឌិតឈ្មោះ ឈាង សុផល ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ ម្ចាស់ក្រុមហ៊ុន អេ ប៊ី អេស (Asia Business Solution Cambodia Co.,LTD) នៅផ្ទះលេខ២០៧ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ដើម្បីអនុវត្តតាមសាលក្រមស្ថាពររបស់លោក ឃី ឆៃ ចៅក្រមជំនុំជម្រះ ដែលបានផ្តន្ទាទោសជនជាប់ចោទឈ្មោះ ឈាង សុផល ដាក់ពន្ធនាគារកំណត់រយៈពេល ២ឆ្នាំ ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣ យោងតាមមាត្រា ២៣១ នៃច្បាប់ស្តីពី ឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់៕
https://youtu.be/lQHSFXqr2ss
មតិយោបល់