ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងស្រា បើករថយន្តលុចស៊ីស RX 400h បុកខឿនចិញ្ចើមផ្លូវ បណ្ដាលឲ្យក្រឡាប់ផ្ងារជើង

ភ្នំពេញ: បុរសម្នាក់ បានបើករថយន្ត ១គ្រឿង ដឹកស្ត្រី២នាក់ ក្នុងស្ថានភាពស្រវឹង ជាមួយល្បឿនយ៉ាងលឿន ដោយបួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុកខឿនចិញ្ចើមផ្លូវ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ២និង៤០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចខាងក្រោមស្ពានអាកាស ៧មករា តាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងនិងផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

សមត្ថកិច្ច បានឲ្យដឹងថា នៅមុនកើតហេតុរថយន្តបង្ក ម៉ាកលុចស៊ីស RX400h ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2BA-7858 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹង រួមដំណើរដោយស្ត្រី២នាក់ ធ្វើដំណើរពីកើតទៅលិច តាមបណ្ដោយផ្លូវកម្ពុជាក្រោម ក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុ ផ្លូវមានសភាពកោង ស្រាប់តែរថយន្តបង្ក បួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុកខឿន ដែលនៅខាងក្រោមស្ពានអាកាស៧មករា បណ្តាលឲ្យបែកបាក់អស់២កង់។ ចំណែករថយន្តបង្ក នៅមិនទាន់អស់ល្បឿន ក៏បានខ្ទាតផ្លោងទៅខាងមុខបន្ត ទៅបុកខឿនសួនច្បារលំអស្ពានអាកាស៧មករា រងការខូចខាត ឯរថយន្តបង្កក្រឡាប់ផ្ងារជើង។

ក្រោយកើតហេតុអ្នកបើក សមត្ថកិច្ចចរាចរណ៍ផ្លូវគោក នាំយកទៅសាកសួរ រីឯរថយន្តបង្ក ជំនាញចុះមកធ្វើការវាស់វែង និងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់