ព័ត៌មានជាតិ

ពលករចាញ់បោកមេខ្យល់លើទឹកដីថៃបានមកដល់កម្ពុជាវិញហើយ

បន្ទាយមានជ័យៈ ពលកររងគ្រោះចាញ់បោកមេខ្យល់លើទឹកដីថៃដែលអំពាវនាវរកការអន្តរាគមន៍ជួយពីមន្ត្រី និងសមត្ថកិច្ចកម្ពុជាកាលពីម្សិលមិញត្រូវបានសមត្ថកិច្ចកម្ពុជា-ថៃ ជួយយកមកដល់កម្ពុជាវិញហើយកាលពី ម៉ោង៨យប់ថ្ងៃទី៩ខែឧសភាឆ្នាំ២០១៦ តាមច្រកតំបន់ម៉ាឡៃក្នុងស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ។

ពលកររងគ្រោះទាំងនេះរួមមាន ១.ឈ្មោះ អូន ណាង ភេទប្រុស អាយុ៤៤ឆ្នាំ, ២.ឈ្មោះ យង់ នី ភេទប្រុស អាយុ១៤ឆ្នាំ, ៣.ឈ្មោះ ឡុង សៀម ភេទប្រុស អាយុ៣២ឆ្នាំ, ៤.ឈ្មោះ ប៉ូ សំណាង ភេទប្រុស អាយុ៣៧ឆ្នាំ ពលកររងគ្រោះទាំង៤នាក់ខាងលើមកពីខេត្តបាត់ដំបង, ៥.ឈ្មោះសូរសុខ ភេទប្រុស អាយុ៤៥ឆ្នាំមកពីស្រុកទ្រាំងខេត្តតាកែវនិង ៦.ឈ្មោះ ឯល សារ ភេទប្រុស អាយុ២៧ឆ្នាំមកពីខេត្តកំពត។

ពលករទាំងនេះ ត្រូវបានជួយសង្រ្គោះពីស្រុកមឿងខេត្តស្រះកែវដោយមន្ត្រីការិយាល័យទំនាក់ទំនងព្រំដែនថៃកម្ពុជានិងមន្ត្រីការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជាថៃបន្ទាប់ពីពួកគេទំនាក់ទំនងសុំការអន្តរាគមន៌ឲ្យជួយពីមន្ត្រីកម្ពុជាប្រចាំនៅប្រទេសថៃ។

ពលករទាំង៦នាក់បានប្រាប់មន្ត្រីការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជាថៃប្រចាំច្រកតំបន់ម៉ាឡៃថា ពួកគេចាញ់បោកមេខ្យល់យកទៅកាប់ដើមប្រេងខ្យល់ ហើយទុកចោលថា មកយកកម្លាំងពលករបន្ថែមតែមិនឃើញវិលត្រឡប់ធ្វើឲ្យពួកគេអត់បាយក្រហាយទឹក៣យប់៣ថ្ងៃ ខោអាវស្អុយដូចគម្រង់។

ពួកគេប្រាប់មន្ត្រីកម្ពុជាថា ដោយសារមិនអាចស៊ូទ្រាំបានក៏នាំគ្នាដើរតាមដងផ្លូវឲ្យតម្រួតថៃចាប់ បន្ទាប់មកក៏មានព័ត៌មានដល់មន្ត្រីទំនាក់ទំនងកម្ពុជាថៃ សហការគ្នាជាមួយមន្ត្រីការិយាល័យទំនាក់ទំនងព្រំដែនទៅទទួលពលករទាំងនេះ មកកម្ពុជាវិញតែម្តង។

មន្ត្រីខាងលើប្រាប់ថា ពលករទាំង៦នាក់ ក្រោយពីធ្វើកំណត់ហេតុសួរនាំចប់បានឲ្យពួកគេត្រឡប់ទៅស្រុកភូមិវិញហើយ៕

photo_2016-05-10_12-09-52

មតិយោបល់