ភ្នំពេញៈ បុរសម្នាក់បើក រថយន្តមួយគ្រឿងម៉ាក ឡិចស៊ីស៤៧០ ជ្រុលទៅបុកនឹងក្បាលព្រួញចែកទ្រូងផ្លូវបណ្តាលឲ្យបាក់អស់ជាច្រើនកង់ ធ្វើឲ្យរថយន្តរងការខូចខាតមួយកំណាត់ផ្នែកខាងមុខ ចំណែកអ្នកបើករថយន្តរងរបួសធ្ងន់បាក់ដៃ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង១០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅទល់មុខ ក្រសួងសុខាភិបាល ផ្លូវ២៨៩ ស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក ឡិចស៊ីស៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2I-9990 បើកបរដោយបុរសវ័យកណ្តាលម្នាក់ ក្នុងល្បឿនលឿនធ្វើដំណើរតាមបណ្តោយផ្លូវ២៨៩ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយក្បាលព្រួញចែកទ្រូងផ្លូវ បាក់អស់ចំនួន៥កង់ បណ្តាលឲ្យម្ចាស់រថយន្តរងរបួសធ្ងន់បាក់ដៃខាងឆ្វេង ចំណែករថយន្តវិញរងការខូចខូតមួយកំណាត់ផ្នែកខាងមុខបើកទៅមុខលែងរួច ភ្លាមៗនោះបុរសរងគ្រោះត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ។
ក្រោយពីកើតហេតុ ចំណែករថយន្តខាងលើត្រូវបានសមត្ថកិច្ច ជំនាញចុះមកធ្វើការវាស់វែង និងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តទៅដោះស្រាយតាមផ្លូវច្បាប់៕
មតិយោបល់