ព័ត៌មានជាតិ

ឃាត់ខ្លួនមុខសញ្ញាមេខ្លោង ចែកចាយគ្រឿងញៀន២នាក់ ដកហូតថ្នាំញៀនជាង២០កញ្ចប់

កំពង់ស្ពឺ: ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងច្បារមន ឃាត់ខ្លួនបានជនសង្ស័យមេខ្លោងចែកចាយគ្រឿងញៀនបានជាបន្តបន្ទាប់ ដកហូតបានថ្នាំញៀនចំនួន ២៤កញ្ចប់។

ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទី យប់ថ្ងៃទី ១៧ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅក្នុងក្រុងច្បារមន កំពង់ស្ពឺ។

ជនសង្ស័យទាំង២នាក់ខាងលើ ដែលឃាត់ខ្លួនបានទី១មានឈ្មោះ ដន រ៉ាម៉េត ហៅគ័ង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួនបាននៅចំណុចមុខក្លោងទ្វារវត្តសំបួរ ស្ថិតភូមិសំបួរ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងជនសង្ស័យទី២ឈ្មោះ ហេង ឡាយ ហៅឌី ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន កំពង់ស្ពឺ ឃាត់ខ្លួនបាននៅចំណុចភូមិព្រៃស្លឹក សង្កាត់ច្បារមន ក្រុងច្បារមន កំពង់ស្ពឺ។

ក្នុងនោះដែរ វត្ថុតាងដែលកម្លាំងដកហូតបានរួមមាន ម្សៅក្រាម ពណ៌សថ្លា ចំនួន២៤កញ្ចប់តូច និងម៉ូតូ២គ្រឿងរួមមានម៉ាកស៊ីរ៉ុស ពណ៌ទឹកប៊ិចចាស់ គ្មានស្លាកលេខ និងមួយគ្រឿងទៀត ម៉ាកអេវលែត ពណ៌ទឹកប្រាក់លាយលឿង គ្មានផ្លាកលេខ រួមទាំងទូរសព្ទដៃចំនួន២គ្រឿងផងដែរ។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងអាវុធហត្ថ បញ្ជូនខ្លួនមកកាន់ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងបន្តបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់