ព័ត៌មានជាតិ

រថយន្តមិនចាំម៉ាក បុកម៉ូតូវីវ៉ាពេញទំហឹងប៉ើងអ្នកជិះម៉ូតូទាំង២នាក់ទៅលើសួនចែកទ្រូងផ្លូវ របួសធ្ងន់

ភ្នំពេញ: បុរស២នាក់ ជិះម៉ូតូម៉ាកវីវ៉ា តាមបណ្ដោយផ្លូវភ្លោះអូរឫស្សី កែងនឹងផ្លូវ១០៧ ត្រូវរថយន្តមិនស្គាល់ម៉ាក បុកពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានរថយន្តសង្រ្គោះបន្ទាន់ បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង២៥នាទី រំលងអាធ្រាតឈានចូលថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវភ្លោះអូរឫស្សីកែង នឹងផ្លូវ១០៧ ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូម៉ាកវីវ៉ាមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1K-7551 ជិះគ្នា២នាក់ តាមបណ្ដោយ ផ្លូវភ្លោះអូរឫស្សី ក្នុងទិសដៅពីលិចទៅកើត ខណ:មកដល់ចំណុចកើតហេតុ ផ្លូវបែកជាបួន កែងនឹងផ្លូវ១០៧ ត្រូវរថយន្តមួយគ្រឿង មិនស្គាល់ម៉ាក ធ្វើដំណើរស្របទិសគ្នា បុកពីក្រោយយ៉ាងពេញទំហឹង ប៉ើងអ្នកជិះលើម៉ូតូទាំង២នាក់ ទៅទើលើ សួនច្បារចែកទ្រូងផ្លូវ បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវរថយន្តសង្រ្គោះបន្ទាន់បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូខ្ទិចខ្ទីគ្មានសល់។

ក្រោយពេលកើតហេតុ រថយន្តបង្កខាងលើ បានបើករត់គេចខ្លួនបាត់ស្រមោលតែម្ដង។ ចំណែកម៉ូតូរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា រង់ចាំម្ចាស់មកទទួល៕

មតិយោបល់