ព័ត៌មានកីឡា

អតីត​កីឡាករ Barcelona ​ថា ​Pique ​មិន​សម​លេង​ឱ្យ​អេស្ប៉ាញ​ទេ ព្រោះ​គេ​គាំទ្រ​កាតាឡាន់

លោក Alfonso Perez ​អតីត​កីឡាករ​របស់ FC Barcelona ​បាន​និយាយ​ថា​ខ្សែ​ការពារ Gerard Pique ​មិន​សាកសម​លេង​ឱ្យ​ជម្រើស​ជាតិ​អេស្ប៉ាញ​នោះ​ទេ ព្រោះ​គេ​ជា​អ្នក​គាំទ្រ​កាតាឡាន់។

Gerard Pique ​បាន​ជួយ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ឱ្យ​ឈ្នះ​ពាន​រង្វាន់ FIFA World Cup ​ម្ដង​និង Euro ​បាន​២​ដង​ផង​ដែរ ប៉ុន្តែ​កីឡាករ​រូប​នេះ​បែរ​ជា​គាំទ្រ​ឱ្យ​តំបន់​របស់​ជនជាតិ​កាតាឡាន់​ផ្ដាច់​ខ្លួន​ចេញ​ពី​ប្រទេស​អេស្ប៉ាញ​ទៅ​វិញ។ ដោយសារ​តែ​មាន​ការ​គាំទ្រ​ដូច្នេះ​ហើយ ​បាន​ជា​លោក Alfonso ​ជា​អតីត​កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​ម្នាក់​ដែរ​នោះ ​បង្ហាញ​អារម្មណ៍​មិន​គាំទ្រ​ចំពោះ​ខ្សែ​ការពារ​ខាង​លើ​លេង​ឱ្យ​ជម្រើស​ជាតិ​នោះ​ទេ។

“ស្មោះ​ត្រង់​ទៅ ​ជាមួយ​និង​ការ​គាំទ្រ​កាតាឡាន់​នោះ ​យើង​បាន​ឃើញ​ហើយ​ថា Guardiola ​បាន​ចាកចេញ​ពី​ជម្រើស​ជាតិ​អេស្ប៉ាញ​នោះ​ទេ ​ដោយ​រូបគេ​សុខ​ចិត្ត​ដើរ​ចេញ​កាល​គ្រា​នៅ​លេង​បាល់​បាន។ Pique ​​បច្ចុប្បន្ន​ក៏​ដូច​និង Guardiola ​ដែរ ប៉ុន្តែ​រឿង​មួយ​នោះ​គេ​នៅ​តែ​លេង​ឱ្យ​អេស្ប៉ាញ។ ខ្ញុំ​មិន​ប្រឆាំង​នៅ​កាតាឡាន់​ទេ កូន​ប្រុស​របស់​ខ្ញុំ​កើត​នៅ​ Barcelona ​ប៉ុន្តែ​ខ្ញុំ​ចង់​បញ្ជាក់​ថា​បើ​យើង​មិន​គាំទ្រ​អេស្ប៉ាញ ​ដូច្នេះ​មិន​គួរ​លេង​ឱ្យ​នោះ​ទេ”។ សម្ដី​របស់ Alfonso ​ដែល​ជា​អតីត​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អេស្ប៉ាញ៕

មតិយោបល់