បន្ទាយមានជ័យ: យោងតាមប្រភពពីតុលាការខេត្តបន្ទាយមានជ័យបានអះអាងថា លោក ធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែត គឺជាអ្នកបញ្ជាភ្លាមក្រោយពេលកើតហេតុឲ្យសមត្ថកិច្ចក្រោមឱវាទ របស់លោកដោះលែងលោក ប៉ី ណាស៊ី អនុប្រធានការិយាល័យកណ្តាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ដែលបានបើករថយន្តបុកជនរងគ្រោះស្លាប់២នាក់ និងរងរបួសធ្ងន់ម្នាក់។
ប្រភពបញ្ជាក់ថា ការអះអាងថា ស្ថាប័នតុលាការជាអ្នកដោះលែងជនសង្ស័យឈ្មោះ ប៉ី ណាស៊ី គឺជាព័ត៌មានមិនពិតឡើយព្រោះករណីគ្រោះថ្នាក់ចរាចរណ៍រហូតមានមនុស្សស្លាប់ ២នាក់ និងរបួសធ្ងន់ម្នាក់នោះ សមត្ថកិច្ច កុំថាឡើយចាប់ជនសង្ស័យបញ្ជូនទៅតុលាការ សូម្បីតែបញ្ជូនសំណុំរឿងទៅតុលាការ ក៏មិនទាន់ឃើញផង បើកុំតែព័ត៌មានផ្សាយ ស្ថាប័នតុលាការក៏ត្រូវគេលាក់មិនឱ្យដឹងដែរ។
យោងតាមប្រភពដដែលបានបញ្ជាក់ថា ជនរងគ្រោះដែលលោក ប៉ី ណាស៊ី បើករថយន្តបុកមានទី១-ឈ្មោះ ស្រីនី ភេទស្រី អាយុ ១៨ឆ្នាំ (ស្លាប់) ទី២-ឈ្មោះ សំបូរ ហៅ ពៅ ភេទប្រុស អាយុ ១៨ឆ្នាំ (ស្លាប់) និងទី៣-ឈ្មោះ នរាណ៍ ភេទស្រី អាយុ ១៧ឆ្នាំ របួសធ្ងន់។
យើងមិនអាចសុំការបំភ្លឺលោក ធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែតបានទេ ដោយលោកបានបិទទូរស័ព្ទនៅពេលដឹងថា អ្នកសារព័ត៌មានសួររឿងគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយលោក ប៉ី ណាស៊ី។ យើងបានព្យាយាមហៅទូរស័ព្ទទៅជាច្រើនលើកប៉ុន្តែលោកមិនទទួលទូរស័ព្ទ។
ពាក់ព័ន្ធករណីនេះលោក មាស ច័ន្ទពិសិដ្ឋ ព្រះអាជ្ញាខេត្តបន្ទាយមានជ័យ បានថ្លែងថា លោកបានបញ្ជាឲ្យសមត្ថកិច្ចស្រាវជ្រាវ និងតាមចាប់ខ្លួន ជនបង្កមកដាក់ទោសតាមច្បាប់។
ដោយឡែក លោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានថ្លែងថា សមត្ថកិច្ចកំពុងតែបើការស៊ើបអង្កេត និងស្រាវជ្រាវលើករណីនេះ។ លោក ទទួលស្គាល់ថា រថយន្តបង្កជាគឺជារបស់លោក ប៉ី ណាស៊ី ពិតប្រាកដមែន ប៉ុន្តែមិនដឹងថាអ្នកណាជាអ្នកបើក ដូច្នេះសមត្ថកិច្ចមិនអាចឃាត់ខ្លួនលោក ប៉ី ណាស៊ី បានទេ។
គួររំលឹកថា កាលពីយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅ តាមផ្លូវលំចាក់បេតុងមួយកន្លែង ត្រង់ចំណុចស្តង់ជ្រូក ភូមិបាលិលេយ្យ២ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រវាងរថយន្តមួយគ្រឿងម៉ាក Pickup Ford Ranger ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2AQ-0808 និងម៉ូតូម៉ាកហុងឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ1M-2410 បណ្តាលឲ្យជនរងគ្រោះ២នាក់ បានស្លាប់ និងម្នាក់រងរបួសធ្ងន់។
យោងតាមមាត្រា ៨៥ នៃច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ត្រង់ចំណុច “គ” បានចែងថា ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិ ស្តីពីចរាចរណ៍ផ្លូវគោកតម្រូវ បណ្ដាលឱ្យមានមនុស្សស្លាប់ច្រើននាក់ ត្រូវផ្តន្ទាទោសពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០លាន ទៅ២៥លានរៀល៕
មតិយោបល់