នៅក្នុងរយៈពេល៨ខែដំបូង ប្រទេសកម្ពុជាបានជួបឱនភាពសេដ្ឋកិច្ច ដែលមានទំហំទឹកប្រាក់ប្រមាណជា ១,៤១ពាន់លានដុល្លារ។ នេះបើយោងតាមក្រសួងពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងកាលពីថ្ងៃចន្ទកន្លងទៅ។
យោងតាមទីភ្នាក់ងារព័ត៌មាន ស៊ិនហួ ចុះផ្សាយនៅថ្ងៃទី១៦ខែកញ្ញា កន្លងទៅនេះបានឲ្យដឹងថា ការនាំចេញ និងនាំចូលសរុបរបស់ប្រទេសកម្ពុជា នៅចន្លោះខែកមរា-សីហា ឆ្នាំ ២០១៣ គិតជាទឹកប្រាក់មានទំហំ ១០,៤៥ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ២០ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន មានទឹកប្រាក់ទំហំ ៨,៦៧ពាន់លានដុល្លារអាមេរិក។
ការនាំចេញ បានកើនឡើង ២៧ភាគរយ ស្មើនឹងទឹកប្រាក់ ប្រមាណ ៤,៥២ពាន់លានដុល្លារ ខណៈដែលនាំចូល វិញ កើនឡើង ១៥ភាគរយ ស្មើនឹងទឹកប្រាក់ ៥,៩៣ពាន់លានដុល្លារ ។ ដូច្នេះ នាំឲ្យមានឱនភាពពាណិជ្ជកម្ម (ទំហំទឹកប្រាក់នៃការនាំចូល ច្រើនជាងការនាំចេញ) នូវទឹកប្រាក់ ១,៤១ពាន់លានដុល្លារ។
សេដ្ឋកិច្ចរបស់ប្រទេស ជាសមាជិកអាស៊ានមួយនេះ ពឹងផ្អែកយ៉ាងខ្លាំង ទៅលើវិស័យកាត់ដេរ ដែលរួម ចំណែកជាង ៨០ភាគរយ នៃការនាំចេញសរុប វិស័យទេសចរណ៍ វិស័យកសិកម្ម និង វិស័យអចលនទ្រព្យ ជាដើម។
ប្រទេសធំៗ ដែលជាដៃគូពាណិជ្ជកម្ម របស់កម្ពុជា មានដូចជា សហរដ្ឋអាមេរិក ប្រទេសក្នុងសហគមន៍អឺរ៉ុប ចិន កូរ៉េខាងត្បូង ជប៉ុន ថៃ វៀតណាម សិង្ហបុរី និង ម៉ាឡេស៊ី ។
គួរបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ផលិតផលចម្បង ដែលកម្ពុជានាំចេញទៅបរទេស រួមមានដូចជា អង្ករ សម្លៀកបំពាក់ ជ័រកៅស៊ូ និងផលិតផល កសិកម្មមួយចំនួនទៀត រីឯផលិតផលនាំចូលវិញ មានដូចជា វត្ថុធាតុដើមបម្រើវិស័យកាត់ដេរ ប្រេងឥន្ធនៈ គ្រឿងសំណង់ និងយានជំនិះជាដើម៕
មតិយោបល់