ព័ត៌មានជាតិ

ជិះម៉ូតូលឿនពេក ទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវមួយទំហឹង ស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាលពីរនាក់

ភ្នំពេញៈ នៅវេលាម៉ោង ៣ និង ១៥ នាទីទៀបភ្លឺថ្ងៃទី ២១ ខែកុម្ភ:នេះ បុរសម្នាក់បានស្លាប់ភ្លាមៗ ខណៈពីរនាក់ទៀតរបួសធ្ងន់ និងស្រាល ដោយសារជិះម៉ូតូលឿនពេក ក៏បុករបាំងថ្ម ពុះចែកទ្រូងផ្លូវមួយទំហឹង នៅតាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ទុលមុខវិតធឺផាកចាស់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ប្រភពព័ត៌មានពីពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុពួកគាត់ កំពុងអង្គុយនៅក្នុងផ្ទះ ស្រាប់តែឮសូរសំទ្បេងម៉ូតូ បើកក្នុងល្បឿនលឿន ពេលមកដល់កន្លែងកើតហេតុក៏ឮសូរផាំង ពួកគាត់ស្ទុះរត់មកមើល ក៏ឃើញជនរងគ្រោះម្នាក់ ដេកផ្គាប់មុខ ស្លាប់ក្នុងថ្លុកឈាម ហើយពីរនាក់ទៀត បានរងរបួសធ្ងន់​និងស្រាល ។

ជនរងគ្រោះ ដែរងបួសស្រាល ជាអ្នកជិះម៉ូតូរួមដំណើរជាមួយគ្នានោះ បាននិយាយថា មុនពេលកើតហេតុ ពួកគេបីនាក់ បានជិះម៉ូតូមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1AF-8162 ឌុបគ្នា ចេញពីក្លិបឈ្មោះ អាម៉ូឡូន ដោយបុរសដែលស្លាប់នោះ បានផឹកស្រវឹងហើយជាអ្នកកាន់ដៃចង្កូត បានធ្វើដំណើរតាមបណ្តោយផ្លូវ សហពន្ធ័រុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុទល់មុខកន្លែងលេងទឹក វិតធឺផាក ចាស់នោះ ស្រាប់តែគាត់ជិះម៉ូតូរេចង្កូចទៅបុកមួយទំហឹងជាមួយនិងរបាំថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យគាត់ជាអ្នកឌុប ហោះបោកនៅនិងថ្នល់បែកក្បាលហូរឈាម ស្លាប់មួយរំពិច ហើយចំណែកបុរសម្នាក់ ដែលអង្គុយកណ្តាលរងរបួសធ្ងន់ និងរូបគាត់រងរបួសស្រាលប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុខាង អ្នករងរបួសធ្ងន់ ត្រូវគេដឹកតាមរថយន្តសាមុយទៅសង្គ្រោះភ្លាមៗ ហើយនៅកន្លែងកើតហេតុ កម្លាំងប៉ុស្តិ៍បានសហការជាមួយពេទ្យដឹកសពអ្នកដែលស្លាប់ ទៅតំកល់ទុកក្នុងវត្តសិនរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីជាក្រោយ៕

មតិយោបល់