បន្ទាយមានជ័យ: មន្ត្រីជំនាញកាំកុងត្រូល សាខាខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្ត បានដឹកនាំមន្រ្តីជំនាញក្រោមឱវាទ និងប្រើបាស់រថយន្តមន្ទីរពិសោធន៍ចល័តលើកដំបូង នៅខេត្តបន្ទាយមានជ័យ ដើម្បីត្រួតពិនិត្យសុវត្ថិភាពគុណភាព ម្ហូបអាហារ ក្នុងការធានាឲ្យបាននូវការទិញទំនិញម្ហូបអាហាររបស់ប្រជាពលរដ្ឋ យកទៅទទួលទាន ប្រកបដោយសុវត្ថិភាពខ្ពស់។
ការប្រើប្ររថយន្តមន្ទីរពិសោធន៍ចល័តមន្រ្តីជំនាញ បានចុះត្រួតពិនិត្យទំនិញ ម្ហូបអាហារនៅក្នុងផ្សារចំនួន២ គឺផ្សារត្រី ស្ថិតនៅក្រុងប៉ោយប៉ែត និងផ្សារសិរីសោភ័ណ ក្រុងសិរីសោភ័ណ។ មន្រ្តីជំនាញ បានធ្វើតេស្តពិនិត្យទៅលើបន្លែ ផ្លែឈើ ត្រី សាច់ ផ្អក ប្រហុក ត្រី ងៀត ស្ពៃជ្រួក គ្រឿងសមុទ្រ សរសៃគុយទាវ ប្រេងឆា សរុបចំនួនជាង៥០គំរូ ចំណាយពេលវេលាជាច្រើនម៉ោង ចាប់ផ្តើមពីព្រឹករហូតដល់ រសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងនោះមន្រ្តីជំនាញ រកឃើញទំនិញម្ហូបអាហារ២គំរូគឺ សរសៃមី ពណ៌លឿង ផលិតផលក្នុងស្រុក និងសរសៃបាញ់កាញ់ សរុបចំនួន៥គីឡូក្រាមកន្លះ រកឃើញមានផ្ទុកសារធាតុគីមីបូរ៉ាក់ បង្កឲ្យប៉ះពាល់សុខភាព អ្នកទិញទៅទទួលទាន ដែលអាជីវករដាក់លក់នៅក្នុងផ្សារសិរីសោភ័ណ។ ចំណែកមុខទំនិញម្ហូបអាហារមួយចំនួនទៀត រកឃើញថាគ្មានផ្ទុកសារធាតុគីមីអ្វីនោះឡើយ។ សរសៃមីពណ៌លឿង និងសរសៃបាញ់កាញ់ ក្រោយពីមន្រ្តីជំនាញរកឃើញមានការផលិតផ្សំសារធាតុគីមី មន្រ្តីជំនាញបានដកហូតយកមករក្សាទុក និងរងចាំទុកដុតកំទេចចោល។
លោក សៀន ស៊ីណាត ប្រធានសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ បា្រប់ឲ្យដឹងថា នៅខេត្តបន្ទាយមានជ័យ ជាលើកដំបូងហើយដែលក្រសួងពាណិជ្ជកម្ម បានផ្តល់រថយន្តមន្ទីរចល័ត ក្នុងការប្រើប្រាស់ត្រួតពិនិត្យគុណភាព ទំនិញ ម្ហូបអាហារ រកសារធាតុគីមី នៅក្នុងម្ហូបអាហារ និងបន្លែផ្លែឈើ ដែលជាភាពងាយស្រួលដល់មន្ត្រីជំនាញ ធ្វើតេស្តត្រួតពិនិត្យជាក់ស្តែងនៅនិងកន្លែង ហើយរកឃើញលទ្ធផលភ្លាមតែម្តង។
លោកបា្រប់ឲ្យដឹងទៀតថា ចំពោះករណីដែលមន្រ្តីជំនាញ ធ្វើតេស្តរកឃើញសារធាតុគីមី នៅក្នុងសរសៃមីពណ៌លឿង និងសរសៃបាញ់កាញ់សរុប៥គីឡូក្រាមកន្លះ តាមការចង្អុលបង្ហាញពីអ្នកលក់សរសៃគុយទាវ និងសរសៃបាញ់កាញ់នោះ មន្រ្តីជំនាញក៏ចុះ មកត្រួតពិនិត្យសិប្បកម្មផលិតសរសៃគុយទាវ មួយកន្លែងស្ថិតនៅជិតផ្សារចំការគ ហៅផ្សារថ្មី ប៉ុន្តែនៅពេលនោះ មន្រ្តីជំនាញពិនិត្យធ្វើតេស្ត រកឃើញសិប្បកម្មនោះផលិតសរសៃគុយទាវ គ្មានផ្ទុកសារធាតុគីមីនោះទេ។
លោកបានប្រាប់ឲ្យដឹងទៀតថា អ្នកផលិតសរសៃមី ពណ៌លឿង និងសរសៃបាញ់កាញ់ ផ្ទុកសារធាតុគីមី គឺគ្មានទីតាំង និងយីហាច្បាស់លាស់ មន្រ្តីជំនាញកំពុងតែចាត់វិធានការ តាមស្វែងរកទីតាំងដែលផលិតសរសៃមីលឿង និងសរសៃបាញ់កាញ់នោះ ដើម្បីមានវិធានការចំពោះម្ចាស់អ្នកផលិតនោះតែម្តង។
សូមរំលឹកថា ខេត្តបន្ទាយមានជ័យ កន្លងមកមន្រ្តីជនាញកាំកុងត្រូល បានធ្វើការត្រួតពិនិត្យរកឃើញសារធាតុគីមីមួយចំនួន ត្រូវបានគេប្រើប្រាស់ផលិតដាក់ក្នុងសរសៃគុយទាវ ដែលអាជីវករទិញដាក់លក់នៅលើទីផ្សារ។ សិប្បកម្មផលិតសរសៃគុយទាវ ដែលមន្រ្តីជំនាញរកឃើញថាផលិតលាយផ្សំសារធាតុគីមី រងការបង្រ្កាប និងចាប់ខ្លួន ម្ចាស់សិប្បកម្មយកទៅផ្តន្ទាទោសតាម ផ្លូវច្បាប់រួចហើយផងដែរ។
ចំណែកអ្នកលក់សរសៃគុយទាវ មានផ្ទុកសារធាតុគីមីនៅលើទីផ្សារ មន្រ្តីជំនាញគ្រាន់តែធ្វើការអប់រំប៉ុណ្ណោះ៕
មតិយោបល់