ម៉ាទ្បេស៊ីៈ នៅថ្ងៃអង្គារនេះ នាយករដ្ឋមន្រ្តីប្រទេសម៉ាឡេស៊ី លោក Najib Razak បាននិយាយទៅកាន់ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងថា ជាអ្នកការទូតឈ្លើយ ពាក់ព័ន្ធនឹងការអត្ថាធិប្បាយមាក់ងាយ លើការស៊ើបអង្កេតរបស់ប្រទេសម៉ាឡេស៊ី ជុំវិញឃាតកម្មសម្លាប់លោក គីម ជុងណាម ត្រូវជាបងប្រុសម្ដាយទីទៃ របស់មេដឹកនាំកូរ៉េខាងជើង ។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។
លោក Najib បានប្រាប់អ្នកកាសែតថា «សេចក្តីថ្លែងការណ៍របស់លោក Kang Chol ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃច័ន្ទ ដែលបានអះអាងថា ការស៊ើបអង្កេតរបស់ប៉ូលិសម៉ាឡេស៊ី កាលពីសប្តាហ៍មុន ដូចជាមិនគួរឲ្យទុកចិត្តបាននោះ ជារឿងមួយ មិនអាចទទួលយកបាន ដោយលោកតបទៅកាន់ ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងវិញ ជាមួយនឹងពាក្យថា អ្នកការទូតឈ្លើយ ហើយបានបញ្ជាក់ផងដែរថា ម៉ាឡេស៊ីនឹងឈរយ៉ាងមាំមួន ចំពោះការស៊ើបអង្កេតរឿងនេះ ។
សូមជំរាបថា លោក គីម ជុងណាម ត្រូវបានសម្លាប់ក្នុងរយៈពេលដ៏ខ្លី បន្ទាប់ពីគាត់ត្រូវបានស្ត្រីវៀតណាមម្នាក់ ប្រើប្រាស់ក្រណាត់ខ្ទប់មុខពីក្រោយខ្នង និងបានបាញ់ស្ព្រាយពុលដាក់មុខ រួមទាំងការរំខានដោយដៃគូរបស់នាង ជាស្ត្រីឥណ្ឌូនេស៊ីម្នាក់ទៀត មុនពេលដែលគាត់ស្លាប់ នៅព្រលានយន្តហោះអន្តរជាតិ ក្នុងទីក្រុងគូឡាឡាំពួ កាលពីថ្ងៃច័ន្ទ៕


មតិយោបល់