ព័ត៌មានជាតិ

Update៖ រន្ធត់ណាស់!! រថយន្តមិនចាំម៉ាក បុកម៉ូតូ និងម៉ូតូរ៉ឺម៉កកង់បី ផ្ដាច់ជីវិតយុវជនម្នាក់

ភ្នំពេញ: នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ នៅវេលាម៉ោង ៩និង៣០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត ម៉ូតូនិងរ៉ឺម៉កកង់បី បណ្ដាលឲ្យភាគីម្ចាស់ម៉ូតូស្លាប់នៅកន្លែងកើតហេតុ តាមបណ្តាយផ្លូវជាតិលេខ៣ មុខការ៉ាស់សាំងតេលា ស្ថិតនៅភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះទី១មានឈ្មោះ ហេង ហាក់ ភេទប្រុស អាយុ ២៣ឆ្នាំ ស្លាប់ មុខរបរលក់ដូរ មានទីលំនៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បើកបរម៉ូតូ ម៉ាក HONDA C110 ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BV-4670 ។

ជនរងគ្រោះទី២ឈ្មោះ ចក់ ផល្លា ភេទប្រុស អាយុ ៣៩ឆ្នាំ រងរបួលស្រាល មុខរបរ រត់កង់បី ស្រុកកំណើត ភូមិព្រៃទទឹង ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បើកបរម៉ូតូសណ្តោងរ៉ឺម៉កកង់បី ម៉ាក HONDA C125 ពាក់ស្លាកលេខ ស្វាយរៀង 1A-0762 ។ ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុ បើករថយន្តរត់គេចបាត់ស្រមោល។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួសត្រូវបានរថយន្តសាមុយ ដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ៕

មតិយោបល់