ព័ត៌មានជាតិ

ធ្វើសកម្មភាពឆ្កឹះសោបម្រុងលួចម៉ូតូរបស់គេ ត្រូវសមត្ថកិច្ចល្បាតឃើញឃាត់ខ្លួនបាន

ភ្នំពេញៈ ជនសង្ស័យចំនួន៤នាក់ ជិះ២គ្រឿង មកធ្វើសកម្មភាពឆ្កឹះសោគាស់ទ្វាររបងផ្ទះ ប្រជាពលរដ្ឋ ប៉ងលួចម៉ូតូដែលគេទុកចាក់សោត្រឹមត្រូវ តែជាការស៊យរបស់ក្រុមចោរទាំងនោះ ក៏ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌទួលគោកកំពុងជិះល្បាតប្រទះឃើញឃាត់បានភ្លាមៗ។

ហេតុការណ៍នេះកាលពីវេលាម៉ោង ២យប់ឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ១ ផ្លូវ២៦៥ ក្រុម៤៤ ភូមិ១៣ ក្បែរផ្សារសំណង់១២ ស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ៤នាក់ ទី១មានឈ្មោះ យិន ណាង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅម្ដុំត្រឡោកបែក សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ,ទី២ឈ្មោះ អ៊ុន ផល ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ ,ទី៣ឈ្មោះ តាន់ ដានីសច្ចៈ ភេទប្រុស អាយុ១៩ឆ្នាំ នៅផ្ទះ និងជនសង្ស័យទី៤ឈ្មោះ ឌិន តុលា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរប៉ះកង់។

ក្នុងនោះដែរ សមត្ថកិច្ចដកហូតបាន ឧករណ៍សម្រាប់កាច់សោ.ក ម៉ូតូចំនួន២, សោខ្សៀរចំនួន១, ម៉ូតូ២គ្រឿង រួមមានម៉ាក ហុងដាម៉ូវី ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 1CT-5409 និងមួយគ្រឿងទៀតម៉ាក វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1B-4705 ។

សមត្ថកិច្ចបានបន្តទៀតថា នៅវេលាម៉ោងកើតហេតុខាងលើ កម្លាំងបានធ្វើការជិះល្បាតការពារតាមមូលដ្ឋាន ខណៈមកដល់ចំណុចកើតហេតុ ក៏ប្រទះឃើញជនសង្ស័យទាំង៤នាក់ កំពុងឈរ នៅមុខផ្ទះលេខ១ ផ្លូវ២៦៥ ដោយមានការសង្ស័យក៏ឃាត់ហៅសួរនាំ និងដើររកឆែកឆេរ នៅក្រោមកែបម៉ូតូនៅជុំវិញខ្លួនរបស់ជនសង្ស័យ កន្លែងកើតហេតុ ក៏ឃើញវត្ថុតាង និងសោដែលចាក់របងឃើញមានដែកឆ្កឹះនៅជាប់ ក៏ត្រូវកម្លាំងចាប់វាយខ្នោះឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកកាន់អធិការរដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់