ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នា ខ្ទេចរថយន្ត

ភ្នំពេញ: មានករណី គ្រោះថ្នាក់ចរាចរណ៍ ២កន្លែងផ្សេងគ្នា នៅក្នុងខណ្ឌដូនពេញបណ្ដាលឲ្យខូចខាតបង្គោលភ្លើងបំភ្លឺផ្លូវចំនួន២ដើម បង្គោលស្លាកសញ្ញាចរាចរណ៍១ដើម និងទុយោបូមទឹករបស់អង្គភាពពន្លត់អគ្គិភ័យចំនួនមួយដើម។

ដោយករណីទី១នេះ បានកើតឡើងនៅវេលាម៉ោង១ និង២០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៧ នៅចំណុចខាងមុខព្រះបរមរាជវាំង តាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បង្កឡើងដោយរថយន្ដកាមរីឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2N-5986 បើកបរដោយប្ដីប្រពន្ធមួយគូ ស្ថិតក្នុងស្ថានភាពស្រវឹងទាំង២នាក់ បណ្ដាលឲ្យខូចខាតទុយោបូមទឹករបស់អង្គភាពពន្លត់អគ្គិភ័យមួយដើម និងបង្គោលស្លាកសញ្ញាចរាចរណ៍១ដើម ចំណែកបង្គោលភ្លើងបំភ្លឺផ្លូវខូចខាតបន្តិចបន្ទួច។

ចំណែកករណីទី២ គឺបង្កឡើងដោយរថយន្ដកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AJ-2510 កើតហេតុនៅចំណុចផ្លូវលេខ២១៤ កែងនឹងមហាវិថីព្រះនរោត្ដម ស្ថិតក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ។ បើកបរដោយបុរសម្នាក់ ស្ថិតក្នុងស្ថានភាពស្រវឹងដូចគ្នា បណ្ដាលឲ្យខូចខាតបង្គោលភ្លើងបំភ្លឺផ្លូវចំនួនមួយដើមបាក់រាបដល់ដី តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ។

ក្រោយពីកើតហេតុ រថយន្ដទាំង២គ្រឿង ត្រូវបានកម្លាំងជំនាញចុះធ្វើការវាស់វែងស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយនៅពេលក្រោយ តាមផ្លូវច្បាប់៕

មតិយោបល់