ព័ត៌មានជាតិ

កូរ៉េខាងជើងថាធ្វើតេស្ដមីស៊ីល ICBM ជាការត្រៀមលក្ខណៈប្រឈមមុខជាមួយអាមេរិក

(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចូលរួមត្រួតពិនិត្យដោយផ្ទាល់នូវការបាញ់សាកល្បងមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ស៊េរីថ្មី មួយ ដើម្បីពង្រឹងសមត្ថភាពយោធា និងជាការត្រៀមលក្ខណ:ប្រឈមមុខរយ:ពេលវែងជាមួយចក្រពត្តិអាមេរិក។

ការបាញ់សាកល្បងមីស៊ីលកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ គឺជាការធ្វើតេស្ដមីស៊ីលដ៏មានឥទ្ធិពលបំផុតរបស់កូរ៉េខាងជើងជាលើកដំបូង ចាប់តាំងពីឆ្នាំ២០១៧មក ដោយមីស៊ីលនេះត្រូវបានគេរាយការណ៍ថា អាចហោះនៅរយ:កម្ពស់ខ្ពស់ និងធ្វើដំណើរបានឆ្ងាយជាងមីស៊ីល ICBM ដែលទីក្រុងព្យុងយ៉ាងបាញ់សាកល្បងកន្លងមក។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រនេះ បានបញ្ជាក់ថាវាជាប្រភេទមីស៊ីលវ៉ាសុង-១៧ (Hwasong-17)។ Hwasong-17 គឺជាមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ដែលកូរ៉េខាងជើងសម្ញែងជាលើកដំបូងក្នុងព្យុហយាត្រាយោធា កាលពីខែតុលា ឆ្នាំ២០២០ និងត្រូវបានអ្នកជំនាញខ្លះដាក់រហ័ស្សនាមឱ្យថា «មីស៊ីលបិសាច»។

បើតាម KCNA មីស៊ីលខាងលើដដែលត្រូវបានធ្វើតេស្ដក្រោម ការត្រួតពិនិត្យ និងបញ្ជាដោយផ្ទាល់ពីលោក គីម ជុងអ៊ុន ហើយមីស៊ីលនេះអាចហោះ បានក្នុងរយ:កម្ពស់អតិបរមា ៦,២៤៨.៥គីឡូម៉ែត្រ និងចម្ងាយ១,០៩០គីឡូម៉ែត្រ ពីគោលដៅដែលបានកំណត់៕

មតិយោបល់