ភ្នំពេញៈ នៅព្រឹកថ្ងៃទី១ ខែកក្តដា ឆ្នាំ២០១៦នេះលោក លី លឹមម៉េង ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសជនជាប់ចោទជាចាងហ្វាងកាសែតសុវណ្ណនគរ និងបក្ខពួក២នាក់(រត់គេចខ្លួន)ដាក់ពន្ធនាគារអស់មួយជីវិត ក្រោមបទចោទប្រកាន់ឃាតកម្មគិតទុកជាមុន ប្រព្រឹត្តនៅចំណុចដីវាលគំនរសំរាមស្ថិតតាមផ្លូវ៣៧១ ភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីថ្ងៃទី២៣ ឧសភា ឆ្នាំ២០១៥ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ។
ជនជាប់ចោទនៃសំណុំរឿងនេះរួមមាន៖
-ទី១ឈ្មោះ សោម គឹមស៊ាន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរចាងហ្វាងកាសែតសុវណ្ណនគរ
-ទី២ឈ្មោះ សេង ផារ៉ាដា ហៅម៉ាប់ ភេទប្រុស កំពុងរត់គេចខ្លួន
-និងទី៣ឈ្មោះ សួន សារាយ ហៅបូរ ភេទប្រុស កំពុងរត់គេចខ្លួន។
ជនរងគ្រោះមានឈ្មោះ ស្រ៊ុន សុភ័ក្រ ហៅលាង(ស្លាប់) អាយុ៣៥ឆ្នាំ មុខរបរបុគ្គលិករត់ឯកសារក្រុមហ៊ុន កាក់វៃហួរ ត្រូវបានគេប្រទះឃើញសាកសពច្រកក្នុងការ៉ុង រួចយកទៅទម្លាក់ចោលនៅមាត់ប្រឡាយទឹក ស្ថិតនៅក្នុងភូមិអូបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥។
នៅក្នុងសវនាការកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅជនជាប់ចោទឈ្មោះ សោម គឹមស៊ាន បានបដិសេធរាល់ចម្លើយ ដែលខ្លួនបានឆ្លើយនៅដំណាក់កាលនគរបាលយុត្តិធម៌។ ជនជាប់ចោទអះអាងថា ខ្លួនមិនបានសម្លាប់ជនរងគ្រោះឈ្មោះ ស្រ៊ុន សុភ័ក្រ្ត នោះទេ។ ជនជាប់ចោទបន្តថា ខ្លួនបានស្គាល់ឈ្មោះ ម៉ាប់ និងឈ្មោះ បូរ (ជនជាប់ចោទដែលកំពុងរត់គេចខ្លួន) ហើយឈ្មោះ ម៉ាប់ បានហៅទូរស័ព្ទឲ្យជូនទៅបញ្ចាំរថយន្តមួយគ្រឿងម៉ាកកាមេរី ហាយប្រ៊ីត ពណ៌ស ពាក់ស្លាកលេខ 2AD-3736។ លុះនៅពេលយករថយន្តទៅដល់កន្លែងបញ្ចាំកាស៊ីណូណាហ្គាវើល រថយន្តនោះមិនមានឯកសារគ្រប់គ្រាន់ទើបគេមិនយក។ ហើយក៏បាននាំគ្នាយកទៅបញ្ចាំនៅកាស៊ីណូ Crown ស្ថិតនៅជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល តែនៅទីនោះ គេមិនទទួលទៀត និងចុងក្រោយយកទៅបញ្ចាំនៅកន្លែងផ្ទេរប្រាក់វីង ក្បែរកាស៊ីណូ Crown បានប្រាក់ចំនួន៥ពាន់ដុល្លារ ចែកគ្នាបានម្នាក់ជាង១ពាក់ដុល្លារ។
បើយោងតាមរបាយការណ៍របស់កងរាជអាវុធហត្ថនៅដំណាក់កាលនគរបាលយុត្តិធម៌ជនជាប់ចោទឈ្មោះ សោម គឹមស៊ាន បានប្រាប់សមត្ថកិច្ចថា ពួកខ្លួនបានរៀបចំផែនការសម្លាប់ជនរងគ្រោះឈ្មោះ ស្រ៊ុន សុភ័ក្រ ហៅលាង អាយុ៣៥ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុន កាក់វៃហួរ និងជាអ្នករត់ឯកសារឲ្យរោងចក្រកាត់ដេរ ដោយពួកគេ និងជនរងគ្រោះ គឺជាអ្នកស្គាល់គ្នា។ ជនជាប់ចោទដដែលបានបន្តថា ឈ្មោះ ម៉ាប់ ជាមិត្តភក្តិជិតដិតបំផុតជាមួយជនរងគ្រោះ ទើបនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥ ឈ្មោះ ម៉ាប់ បានបបួលជនរងគ្រោះទៅផឹកស៊ី និងចូលច្រៀងខារ៉ាអូខេចេរ(J) នៅម្តុំបឹងត្របែក។ នៅពេលចូលច្រៀងខារ៉ាអូខេ ដោយជនរងគ្រោះចូលបន្ទប់ទឹក ឈ្មោះ ម៉ាប់ បានដាក់ថ្នាំ ងងុយដេកចូលក្នុងកែវស្រាជនរងគ្រោះ ហើយបន្តផឹករហូតដល់ជនរងគ្រោះស្រវឹងទន់ខ្លួនខ្លាំង ទើបពួកគេទាំង៤នាក់ឈប់ផឹករួចនាំគ្នាឡើងរថយន្តជនរងគ្រោះ ហើយបើករថយន្តចេញទៅរហូតដល់កន្លែងស្ងាត់ ពួកគេនាំគ្នាធ្វើសកម្មភាព ដោយបានយកខ្សែលីឡុងខ្មៅរឹតកជនរងគ្រោះរហូតដាច់ខ្យល់ និងពួកគេបានយកសពច្រកក្នុងការ៉ុង រួចយកទៅទម្លាក់ចោលនៅចំណុចខាងលើ។
ក្រោយការស្រាវជ្រាវសមត្ថកិច្ចបានបន្តទៅដកហូតយករថយន្តជនរងគ្រោះពីកន្លែងបញ្ចាំនៅកន្លែងផ្ទេរប្រាក់វីងក្បែរកាស៊ីណូcrown ស្ថិតនៅជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាលដែលជាវត្ថុតាង និងបានប្រគល់ទៅឲ្យគ្រួសារសពជនរងគ្រោះវិញហើយ ចំណែកជនដៃដល់ផ្សេងទៀតសមត្ថកិច្ចកំពុងស្វែងតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕
មតិយោបល់