ព័ត៌មានជាតិ

ស្គាល់គ្នាបានបួនថ្ងៃ ខាងប្រុសលួងលោមសុំក្ដីស្នេហ៍ឆបោក យកម៉ូតូទៅបញ្ចាំជាច្រើនលើក ចុងក្រោយជាប់ខ្នោះសមត្ថកិច្ច

ភ្នំពេញៈ នៅវេលាម៉ោង ៨និង១០នាទីយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវរថភ្លើង កែងនឹងផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីបុរសម្នាក់សុំក្ដីស្រឡាញ់ឆបោក យកម៉ូតូស្រីស្នេហ៍ទើបនឹងស្គាល់គ្នា ទៅបញ្ចាំជាច្រើនលើក ត្រូវសមត្ថកិច្ចឃាត់ខ្លួន។

ជនសង្ស័យឈ្មោះ ប៉ាង សុភ័ណ្ឌ ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើត ភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ សុខ ណាត ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរ លក់ដូរស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ មានស្រុកកំណើត ភូមិជ្រៃធំ ឃុំអ្នកលឿង ស្រុកពាមជរ ខេត្តព្រៃវែង។

ចំពោះម៉ូតូដែលជនសង្ស័យយកទៅបញ្ចាំម៉ាក ឌ្រីមសង់ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1AY-6193។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ និងជនសង្ស័យមានទំនាក់ទំនងស្នេហាជាមួយគ្នា ចាប់តាំងពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ដោយជនសង្ស័យលួងលោមសុំស្រឡាញ់ និងជួយបើកម៉ូតូសណ្ដោងរ៉ឺម៉ក ដឹកអីវ៉ាន់ទៅលក់នៅផ្សាររាល់ថ្ងៃ ស្រាប់តែបាន ៤ថ្ងៃ ជនសង្ស័យបើកម៉ូតូម៉ាកខាងលើចេញទៅបាត់ ពេលត្រឡប់មកវិញ មិនឃើញម៉ូតូឃើញតែខ្លួន ក៏សួរនាំដេញដោលដឹងថា យកទៅបញ្ចាំ ហើយក៏មិនជជែងវែងឆ្ងាយ ឲ្យលុយទៅលួសមកវិញ រហូតមកដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៣និង១០នាទីរសៀល ជនសង្ស័យយកម៉ូតូទៅបញ្ចាំទៀត (ច្រើនលើកច្រើនសារ)។ ប៉ុន្តែលើកនេះ ជនរងគ្រោះសួរនាំដេញដោលខ្លាំង ទើបបង្កឲ្យផ្អើលដល់អ្នកជិត រួមទាំងម្ចាស់ផ្ទះក៏ទៅមើលដែរ ហើយក៏ត្រូវបុរសជាជនសង្ស័យ ទាញកាំបិតប៉័ងតោប្រុងកាប់ តែត្រូវពលរដ្ឋដែលឈរមើល វាយបណ្ដាលឲ្យបែកមាត់ប៉ោងមុខ រួចរាយការណ៍ជូនសមត្ថកិច្ច ចុះដល់ទីតាំងឃាត់ខ្លួនជនសង្ស័យ ដើម្បីសួរនាំបន្ត និងចាត់ការតាមច្បាប់៕

មតិយោបល់