តាកែវៈ គ្រួសារមួយដែលមានម្តាយ និងកូនប្រុស២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ រួមនិងកម្លាំងផ្នែកសឹករងស្រុកបាទី សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំក្រាំងលាវ ចុះធ្វើការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យទាំងបី ក្នុងករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង១ រសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅភូមិទួលស្លែង ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។
ប្រភពព័ត៌មានបានអោយដឹងថា កម្លាំងជំនាញស្រុក រួមនិងកំលាំងផ្នែកសឹករងស្រុកបាទី សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល ឃុំក្រាំងលាវ បានចុះបង្ក្រាបករណីប្រើប្រាស់គ្រឿងញៀន នៅផ្ទះរបស់ឈ្មោះ ឃួន បឿន ភេទស្រី អាយុ៣៨ឆ្នាំ នៅភូមិទួលស្លែង ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ខណៈដែលជនសង្ស័យទាំងបី កំពុងតែចែកចាយ និងប្រើប្រាស់ថ្នាំញៀនខុសច្បាប់ យ៉ាងអណាធិបតេយ្យ។
ក្នុងនោះដែរ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបាន ជនសង្ស័យចំនួនបីនាក់ ម្តាយនិងកូនដែល ទី១-ឈ្មោះ ឃួន បឿន ភេទស្រី អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិទួលស្លែង ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ត្រូវជាម្តាយ ទី២-ឈ្មោះ ទូច រី ភេទប្រុស អាយុ២៥ឆ្នាំ និងទី៣-ឈ្មោះ ទូច ភាព ភេទប្រុស អាយុ២២ឆ្នាំ ត្រូវជាកូន ស្នាក់នៅក្នុងផ្ទះរបស់ ឃួន បឿន ។
ក្រោយពីចុះធ្វើការឃាត់ខ្លួន សមត្ថកិច្ចដកហូតបានសំភារៈជាវត្ថុតាងមួយចំនួនក្នុងនោះរួមមាន ដបចោះ ទូយោសំរាប់ជក់គ្រឿងញៀនចំនួន៤ សំភារៈសម្រាប់វិចខ្ចប់ គ្រឿងញៀនមួយចំនួន ទូរសព្ទដៃចំនួន៧គ្រឿង និងដែកកេះចំនួន៥។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ច កំពុងកសាងសំណុំរឿង និងបញ្ជូនទៅតុលាការ ដើម្បីដោះស្រាយតាមនិតីវិធីនៃច្បាប់៕



មតិយោបល់