ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើង ដោយរថយន្តម៉ាក ហ្វ័ររ៉េន័រ មួយគ្រឿង បើកឡើងឃឿនបំណងចតចោល តែម្ចាស់រថយន្ត ជាន់ហ្គែ ខ្លាំងពេក បណ្ដាលឲ្យជ្រុលហោះទៅបុករះរថយន្ត២គ្រឿងទៀត ដែលកំពុងចតនៅចិញ្ចើមផ្លូវ និងបន្តទៅប៉ះជាមួយរថយន្តហាយព្រីជ កំពុងធ្វើដំណើរ បណ្ដាលឲ្យរងការខូចខាត ទាំងអស់៤គ្រឿង។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៧និង៥០នាទី យប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ៣៦០ កែងនឹងផ្លូវព្រះនរោត្ដម ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមសម្ដីសន្តិសុខ ដែលនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុនោះ គឺមានរថយន្តបង្ក ម៉ាកហ្វររ៉េន័រ ពណ៌ស្ករ ពាក់ស្លាកលេខ ONU 3006 ដែលបើកបរដោយស្ត្រីជនជាតិបរទេសស្បែកខ្មៅម្នាក់ និងក្រុមគ្រួសារ២នាក់ រួមដំណើរជាមួយ បានបើកមករកកន្លែងចត ពេលនោះសន្តិសុខ ក៏បានរយ៉ែរថយន្តបង្កឲ្យឡើងចតនៅលើចញ្ចើមផ្លូវ ដែលជាប់ផ្លូវព្រះនរោត្ដម។ ខណៈដែរសន្តិសុខកំពុងតែរយ៉ែឲ្យឡើងលើចញ្ចើមផ្លូវដើម្បីទុក ពេលនោះស្ត្រីជនជាតិបរទេសបានជាន់ហ្គែពេញទំហឹង បណ្ដាលឲ្យរថយន្តបង្កហោះទៅបុករះរថយន្ត៣គ្រឿង ក្នុងនោះទី១ រថយន្តរងគ្រោះ ម៉ាកស្តារិច ពណ៌ខ្មៅ ពាក់ស្លាកលេខ រដ្ឋ 06 2.0711 ដែលចតចោលនៅលើចិញ្ចើមផ្លូវ, ទី២រថយន្តរងគ្រោះម៉ាកឡិចស៊ីស RX470 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2X-5273 ដែលចតចោលនៅចិញ្ចើមផ្លូវដូចគ្នា និងទី៣រថយន្តរងគ្រោះម៉ាក កាមរីហាយព្រីជ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2A-1818 ដែលកំពុងធ្វើដំណើតាមបណ្ដោយផ្លូវ៣៦០ ទិសដៅពីលិចទីកើត ក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្ដាលឲ្យរងការខូចខាតអស់៤គ្រឿង ទាំងរថយន្តបង្កផងដែរ។
ក្រោយពេលកើតហេតុ ភាគីខាងរថយន្តបង្កបានចុះមកសម្របសម្រួលគ្នាអស់រយៈពេលជាង៣ម៉ោងនៅតែមិនត្រូវ ទើបកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ និងបានសហការជាមួយកម្លាំងជំនាញ ចុះមកធ្វើការវាស់វែង ស្ទួចយករថយន្តទាំង៤គ្រឿង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់បន្តទៀត៕
មតិយោបល់