Post News Media ព័ត៌មានជាតិ Mecerdes បុកជ...

Mecerdes បុកជាមួយនឹង Ford Ranger ពេញទំហឹង ខ្ទេចរថយន្តស្ទើរទាំងស្រុង

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងរថយន្តម៉ាក Mecerdes ស៊េរីទំនើប បើកបរដោយបុរសជនជាតិចិន រួមដំណើរជាមួយនារីខ្មែរម្នាក់ ខ្វះការប្រុងប្រយត្ន័ ទៅបុកគ្នាមួយរថយន្តម៉ាក Ford Ranger ដែលកំពុងបើកបរដោយបុរសម្នាក់ ត្រង់ផ្លូវបំបែកជា៤ បណ្តាលឲ្យរថយន្តខូតខាតធ្ងន់ធ្ងរទាំង២គ្រឿង ចំណែកអ្នកបើកបរ និងអ្នករួមដំណើរ បានគេចបាត់អស់ពីកន្លែងកើតហេតុ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២ រំលងអាធ្រាតឈានចូលថ្ងៃទី២៤ កុម្ភ: ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ៣១៥ កែងនឹងផ្លូវ៥៦៦ ស្ថិតក្នុង សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមសម្តីពីសន្តិសុខដែលយាមនៅក្បែរកើតហេតុ បានឲ្យដឹងថា នៅមុនដំបូងគេឃើញរថយន្តម៉ាក Mecerdes ពណ៌ស ស៊េរីទំនើប មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AQ-7572 បើកបរតាមបណ្តោយផ្លូវ៣១៥ ក្នុងល្បឿនលឿន ទិសដៅពីកើតទៅលិច ខណ:មកដល់ចំណុចកើតហេតុ ត្រង់ផ្លូវបំបែកជាបួន កែងនឹងផ្លូវ៥៦៦ ក៏មានរថយន្តម៉ាក Ford Ranger ពណ៌ខ្លាញ់ក្តាម ពាក់ស្លាកលេខ ភ្នំពេញ 2AN-2852 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវ៥៦៦ ទិសដៅពីត្បូងទៅជើងឆ្លងផ្លូវបានពាក់កណ្តាលផ្លូវ ក៏ត្រូវរថយន្តម៉ាក Mecerdes បុកចំក្បាលចំហៀងខាងស្តាំពេញទំហឹងបណ្តាលឲ្យរថយន្ត រ៉េក្បាលទៅបុកនឹងដើមឈើមួយដើម នៅមុខភោជនីយដ្ឋាន សួគ៌ា ជាប់ទៅមុខលែងរួច។ ចំណែករថយន្តម៉ាក Mecerdes វិលមួយជុំបែរក្បាលត្រឡប់ក្រោយ បណ្តាលឲ្យរថយន្តទាំង២គ្រឿង ខូតខាតយ៉ាងធ្ងន់ធ្ងរ ។

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តទាំង២គ្រឿង បានគេចបាត់ពីកន្លែងកើតហេតុ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន សហកាជាមួយជំនាញចរាចរណ៍ខណ្ឌ ចុះសម្រួលនិងការពារកន្លែងកើតហេតុ រង់ចាំជំនាញចរាចរណ៍ក្រុងចុះមកវាស់វែង ស្ទួចយករថយន្តទាំង២គ្រឿង ទៅទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់៕