ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូធន់ធំ មួយគ្រឿង ជិះដោយបុរសម្នាក់បានជ្រុលបុកគ្នាជាមួយ ម៉ូតូចាស់ មួយគ្រឿង ដែលជិះដោយយុវជន២នាក់ក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្ដាលឲ្យរងរបួសទាំង៣នាក់ ខណៈនោះបែរជាយុវជនដែលបើកម៉ូតូចាស់ ទាំង២នាក់ ជ្រុះកញ្ចប់គ្រឿនញៀន២កញ្ចប់តូចនៅកន្លែងកើតហេតុ ត្រូវសមត្ថកិច្ចឃើញចាប់វាយខ្នោះ ទាំងរបួសពេញខ្លួនតែម្តង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចជិតសាលារាជធានីភ្នំពេញ តាមបណ្ដោយមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូធន់ធំ ម៉ាកCBR ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ពេលមកដល់ចំណុចកើតហេតុ ក៏ជ្រុលបុកគ្នាជាមួយម៉ូតូចាស់មួយគ្រឿង គ្មានស្លាកលេខ ជិះដោយយុវជន២នាក់ ក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្ដាលឲ្យដួលរងរងបួសទាំងសងខាង។
ក្រោយពីកើតហេតុ រថយន្ដសង្គ្រោះបន្ទាន់ បានមកដឹកជនរងគ្រោះដែលជិះម៉ូតូធំទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកយុវជន២នាក់ទៀត ដែលជិះម៉ូតូចាស់នោះ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ដោយសារតែក្រោយកើតហេតុ បានធ្លាក់គ្រឿងញៀន២កញ្ចប់តូច ចេញពីខ្លួន ទើបនាំខ្លួនមកកាន់ប៉ុស្ដិ៍រដ្ឋបាលនគរបាលវត្តភ្នំ។ ចំណែកម៉ូតូទាំង២គ្រឿង កម្លាំងជំនាញធ្វើការវាស់វែង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់បន្តទៀត៕
មតិយោបល់