ព័ត៌មានជាតិ

ពលរដ្ឋសម្តែងការមិនពេញចិត្ត ចំពោះរថយន្តដឹកដីធន់យក្ស

ភ្នំពេញៈ ប្រជាពលរដ្ឋដែលរស់នៅនិងធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ និងផ្លូវចូលបឹងតាម៉ាត បានរអ៊ូរទាំ និងសម្តែងការមិនពេញចិត្ត ព្រោះតែរថយន្តដឹកដីធន់យក្សធំៗ មិនខ្វល់ខ្វាយពីបរិស្ថានឡើយ ពោលគឺដឹកដីយកមកចាក់លុបបឹងតាម៉ាតស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ។

មិនតែប៉ុណ្ណោះ ពេលដែលរថយន្ត ទាំងនោះចេញមកវិញ ដីដែលជាប់នឹងកង់រថយន្ត បានប្រឡាក់ប្រតាក ជាប់ផ្លូវបេតុងយ៉ាងច្រើន ចេញជាខ្សែកាត់តាមបណ្តោយផ្លូវ២១៧ និងផ្លូវចូលបឹងតាម៉ាតនេះតែម្តង ជាហេតុនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សដែលធ្វើដំណើរតាមដងផ្លូវ ដូចជាបង្កការរអិលដួលសម្រាប់អ្នកជិះកង់ រឺម៉ូតូ ហើយពេលស្ងួតវិញ ហុយនោះហុយ និងកកក្តាំងដីទាំងដុំៗទៀតផង។

យោងតាមសម្តីរបស់អ្នកមីងម្នាក់ ដែលគាត់ជាអ្នកលក់ម្ហូបអាហារតាមបណ្តោយផ្លូវចូលបឹងតាម៉ាត ហៅផ្លូវស៊ិនទ្រី បានប្រាប់ដល់អ្នកយកព័ត៌មានយើងឲ្យដឹងថា សព្វថ្ងៃអ្នកមីងគាត់លក់ដូរ មិនសូវដាច់នោះទេ ដោយសាររថយន្តដឹកដីធ្វើចរាចរណ៍ជាច្រើនគ្រឿង និងធ្លាក់ដីធ្វើឲ្យហុយ ហេតុដូច្នេះទើបគាត់មានការលំបាកក្នុងរកស៊ីលក់ដូររបស់គាត់។

ដូច្នេះពួកគាត់ជាប្រជាពលរដ្ឋ សូមណូមពរដល់អាជ្ញាធរ ជួយត្រួតពិនិត្យរថយន្តដឹកដីអស់ទាំងនេះផង ព្រោះគាត់ រាល់ថ្ងៃពួកគាត់មានការព្រួយបារម្ភខ្លាំងពីសុខនិងសុវត្ថិភាពក្នុងការរស់នៅប្រចាំថ្ងៃ៕

https://youtu.be/n8hnXC4sk_w

មតិយោបល់