ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ ដកហូតវត្ថុតាងថ្នាំញៀន២៥កញ្ចប់

ត្បូងឃ្មុំ: ជនសង្ស័យប្រុសស្រីចំនួន២នាក់ ដែលជាប់ពាក់ព័ន្ធករណីជួញដូរសារធាតុញៀនដោយខុសច្បាប់ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាន នគរបាលស្រុកត្បូងឃ្មុំ ចាប់ឃាត់ខ្លួនភ្លាមៗ គ្រាដែលក្រុមជនសង្ស័យ បានធ្វើសកម្មភាពដោះដូរគ្រឿងញៀន យ៉ាងសកម្មនៅក្នុងមូលដ្ឋានរបស់ខ្លួន ។

ប្រតិបត្តិការនេះសមត្ថកិច្ចបានធ្វើឡើង កាលពីវេលាម៉ោង៦និង៤៥នាទីយប់ ថ្ងៃទី១០ឧសភា២០១៦ នៅលើកំណាត់ផ្លូវលេខ៧៣ ស្ថិតក្នុងភូមិទួលកណ្ដាលត្បូង ឃុំជីគរ ស្រុក-ខេត្តត្បូងឃ្មុំ ។

សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីធ្វើការស៊ើបអង្កេតស្រាវជ្រាវ រហូតឈានដល់បង្ក្រាបករណីរក្សាទុក ជួញដូរសារធាតុញៀនដោយខុសច្បាប់ ខណ:ពេលដែលក្រុមជនសង្ស័យ បានធ្វើសកម្មភាព ដឹកជញ្ជូនថ្នាំញៀន យកទៅជួញដូរ ដែលជនសង្ស័យត្រូវឃាត់ខ្លួនរួមមាន៖ ១-ឈ្មោះជឹម ឡន ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិធ្លក សង្កាត់-ក្រុងសួង ២-ឈ្មោះទូច ស្រីល័ក្ខ ភេទស្រី អាយុ២២ឆ្នាំ មានទីលំនៅភូមិជើងឡង សង្កាត់-ក្រុងសួង ខេត្តត្បូងឃ្មុំ ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានធ្វើការឆែកឆេរ រកឃើញថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សចំនួន២៥កញ្ចប់ ក្នុងនោះមានធំ៤កញ្ចប់និងតូច២១កញ្ចប់ និងឧបករណ៍ប្រើប្រាស់ វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាងថ្នាំញៀន ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាន នគរបាលស្រុកត្បូងឃ្មុំ កសាងសំណុំរឿងតាមនិតិវិធីច្បាប់ ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំ៕

photo_2016-05-11_01-27-56 photo_2016-05-11_01-27-58 photo_2016-05-11_01-28-00

មតិយោបល់