កូរ៉េៈ ក្រសួងការពារជាតិទីក្រុងសេអ៊ូល នៅថ្ងៃសុក្រនេះ បាននិយាយថា ការកំណត់ពេលវេលានៃការដាក់ពង្រាយ ខែលការពារមីស៊ីលរបស់សហរដ្ឋអាមេរិក ក្នុងទឹកដីកូរ៉េខាងត្បូង នឹងត្រូវពឹងផ្អែកលើកិច្ចសន្យាដោះដូរដី ជាមួយក្រុមហ៊ុន Lotte ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧។
Lotte ជាក្រុមហ៊ុនផលិតឧបករណ៍ មានទ្រង់ទ្រាយធំជាងគេ លំដាប់ទី៥របស់ប្រទេសកូរ៉េខាងត្បូង និងក៏ជាក្រុមការងារមួយធ្វើការសម្រេចចិត្ត ក្នុងការចាត់ចែងដំទ្បើងប្រព័ន្ធស្ថានីយការពារមីស៊ីលជាតិ (THAAD) ដែលត្រូវបានកំណត់ទីតាំងដាក់ពង្រាយ នៅភាគអាគ្នេយ៍ក្នុងប្រទេសនេះ។
រដ្ឋាភិបាលក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោន បានចុះកិច្ចព្រមព្រៀងជាមួយគ្នា ដើម្បីដំឡើងថ្មី THAAD កាលពីខែកក្កដាឆ្នាំមុន ដោយនឹងបញ្ចប់ធ្វើវានៅឆ្នាំនេះ។ ប្រសិនបើកិច្ចសន្យាដើម្បីផ្លាស់ប្តូរដី ដែលជាអចលនទ្រព្យយោធា ទៅឲ្យក្រុមហ៊ុន Lotte គ្រប់គ្រងតាមនីតិវិធីជោគជ័យ នោះនឹងជំរុញល្បឿនការដាក់ពង្រាយ THAAD កាន់តែលឿន។
អ្នកនាំពាក្យក្រសួងការពារជាតិ លោក Moon Sang-Kyun បានប្រាប់សន្និសីទកាសែតមួយថា «វាអាស្រ័យទៅលើ ពេលវេលាដែលនឹងត្រូវប្រជុំជាមួយក្រុមប្រឹក្សាភិបាល Lotte នៅខែកុម្ភៈនេះ ហើយលទ្ធផលយ៉ាងណា គឺតាមរយៈកិច្ចប្រជុំនេះ។
អង្គភាព Lotte បានឲ្យដឹងថា ធ្លាប់មានជំនួបកិច្ចប្រជុំនេះម្ដងហើយ កាលដើមខែកុម្ភៈ តែវាបានបរាជ័យ ក្នុងការអនុម័តលើកិច្ចព្រមព្រៀងផ្លាស់ប្តូរដី ហើយក៏ត្រូវលើកពន្យារពេល សម្រាប់កិច្ចប្រជុំថ្មីមួយទៀត ដែលនឹងធ្វើទ្បើងនាពេលខាងមុខនេះ។
ក្រុមប្រឹក្សាភិបាល Lotte ប្រាប់ភ្នាក់ស៊ិនហួថា មិនមានអ្វីត្រូវបានសម្រេចចិត្តនៅឡើយទេ ទៅលើកាលបរិច្ឆេទនៃកិច្ចប្រជុំលើកក្រោយ និងលទ្ធផលរបស់ខ្លួន។
ទីភ្នាក់ងារយ៉ុនហាប់ បានរាយការណ៍ថា កិច្ចប្រជុំនេះ ទំនងជានឹងត្រូវបានធ្វើឡើងនៅថ្ងៃទី ២៧ ខែកុម្ភៈខាងមុខ ប្រសិនបើមានការដោះដូរដី ត្រូវបានអនុម័ត ក្រុមហ៊ុន Lotte និងក្រសួងការពារជាតិ នឹងចុះហត្ថលេខាលើកិច្ចសន្យា ជាផ្លូវការ។
គួរបញ្ជាក់ដែរថា ចិន និងរុស្ស៊ី បានជំទាស់យ៉ាងខ្លាំង ចំពោះការដាក់ដំទ្បើង THAAD នៅកូរ៉េខាងត្បូង ដោយលើកទ្បើងថា វានឹងបង្កឲ្យការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់ផលប្រយោជន៍សន្តិសុខពិភពលោក៕
មតិយោបល់