កណ្តាលៈ សមាជិកអង្គការកាំហ្វីត៨៥០គ្រួសារ បានសម្តែងនូវការខកចិត្តយ៉ាងខ្លាំងបន្ទាប់ពីតុលាការលើកពេលប្រកាសសាលក្រម៣លើកមកហើយ និងសំណូមពរឲ្យពន្លឿន ព្រោះកំពុងតែមានបញ្ហាជីវភាព ដោយសារគ្មានដីធ្លីធ្វើស្រែចម្ការ។
លោកស្រី ហែម សុភាព ប្រធានសមាគមមូលនិធិខ្មែរសម្រាប់ការសិក្សា និងអប់រំ ហៅកាត់ កាំហ្វីត បានឲ្យដឹងថា នេះជាលើកទី៣ហើយ ដែលត្រូវបានតុលាការខេត្តកណ្តាល លើកពេលប្រកាសសាលក្រម និងធ្វើឲ្យសមាជិកទាំងអស់មានការខកចិត្តជាខ្លាំង។
លោកស្រី បានឲ្យដឹងបន្តទៀតថា អង្គការកាំហ្វីត ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៣មកម៉្លេះ ហើយមានរូបលោកស្រីជាតំណាងស្របច្បាប់។ ចំណែកឯលោកស្រី តែង ឃុននីន គ្រាន់តែជាសមាជិកម្នាក់តែប៉ុណ្ណោះ ហើយរាជរដ្ឋាភិបាលបានប្រគល់ដីចំនួន១០០០ ហិកតា នៅក្នុងភូមិជ័យឧត្តម ភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ មកឲ្យអង្គការ គ្រប់គ្រងដើម្បីផ្តល់ជូនប្រជាពលរដ្ឋក្រីក្របង្កបង្កើនផល។
លុះមកដល់ឆ្នាំ ២០០៦-២០០៧ លោកស្រី តែង ឃុននីន បានមកអូសទាញ លោកស្រី និងសមាជិកទាំងអស់ឲ្យលក់ដីទាំងអស់ទៅឲ្យលោក ឡោក ហួ ដោយសន្យាឲ្យប្រាក់៥០០ដុល្លារ ក្នុងមួយគ្រួសារ ប៉ុន្តែគណៈគ្រប់គ្រងមិនយល់ព្រម។ ក្រោយមកក្នុងឆ្នាំ២០១១ ដោយសារលោកស្រី តែង ឃុននីន កកូរកកាយផ្ទៃក្នុងអង្គការពេក ទើបធ្វើឲ្យមានការបោះឆ្នោតដកចេញពីសមាជិក ហើយមានតែរូបលោកស្រី ប៉ុណ្ណោះដែលបានប្តឹងតតាំង ជាមួយលោក ឡោក ហួ រហូតទទួលបានដីមកវិញ។
លោកស្រីប្រធានអង្គការ បានបន្ថែមថា ស្រាប់តែកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ លោកស្រី តែង ឃុននីន បានដាក់ពាក្យប្តឹងទាមទារដីរបស់សមាគម លុះដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ ក៏ត្រូវលោក ផូង វណ្ណ ចៅក្រមសាលាដំបូងខេត្ត សម្រេចលើកចោលពាក្យសុំរបស់លោកស្រី តែង ឃុននីន គឺនៅតែថ្ងៃប្រកាសសាលក្រមតែប៉ុណ្ណោះ ប៉ុន្តែរហូតមកដល់ពេលនេះ គឺត្រូវបានតុលាការលើកពេលប្រកាសសាលក្រមរហូតដល់តែ៣លើកទៅហើយ។
ជាមួយគ្នានេះដែរ លោក ឈិន យិន សមាជិកម្នាក់បានប្រាប់ថា សមាជិកទាំងអស់ខានបានចូលទៅបង្កបង្កើនផលជាង១០ឆ្នាំមកហើយ នៅពេលដែលទទួលបានដីមកវិញ ហើយបែរជានៅតែមិនអាចធ្វើស្រែចម្ការបានដដែល ហើយក៏សូមសំណូមពរឲ្យតុលាការ មេត្តាជួយចាត់ការពន្លឿនរឿងនេះ ឲ្យបានឆាប់ផង ដើម្បីបានដីមកបង្កបង្កើនផលវិញ។
ទន្ទឹមនឹងនេះ អ្នកសារព័ត៌មានមិនអាចសុំការបកស្រាយពីលោកស្រី តែង ឃុននីន បានទេ ព្រោះមិនមានវត្តមាននៅតុលាការ។ ចំណែកឯលោក ឈុំ ផានី មេធាវីរបស់លោកស្រី តែង ឃុននីន ក៏បានបដិសេធន៍មិនធ្វើអត្ថាធិប្បាយដែរ។
រីឯលោក ផូង វណ្ណ ចៅក្រមជំនុំជម្រះ បានប្រាប់ឲ្យដឹងដែរថា ការដែលតុលាការកោះហៅភាគីទាំងសង្ខាងមកនេះ មិនមែនប្រកាសសាលក្រមទេ គឺដើម្បីរកហេតុផលផ្ទាល់មាត់ ដើម្បីជំនុំជម្រះ ហើយមូលហេតុដែលលើកពេលនោះ គឺមកពីភាគីលោកស្រី តែង ឃុននីន បានដាក់ពាក្យបណ្តឹងបិទសិទ្ធិរបស់លោក។ ដូច្នេះហើយត្រូវរង់ចាំការសម្រេចពីក្រុមប្រឹក្សាចៅក្រមសិន ថាតើអនុញ្ញាតឲ្យលោកកាន់ក្តីនេះបន្ត ឬក៏ត្រូវផ្លាស់ប្តូរចៅក្រម ទើបបានជាធ្វើការលើកពេលដូច្នេះ៕
https://youtu.be/nhvDOcpcELc
មតិយោបល់