ភ្នំពេញៈ នៅវេលាម៉ោង ២និង២០ នាទីរំលងអាធ្រាតឈានចូលថ្ងៃទី ២៦ ខែកុម្ភៈនេះ យុវជនពីរនាក់ ត្រូវក្រុមចោរ៥នាក់ ស្ទាក់វាយប្លន់យកម៉ូតូឡែតមួយគ្រឿង ជិះគេចខ្លួនបាត់ដោយសុវត្ថភាព ខណៈជនរងគ្រោះឈប់ម៉ូតូចាំមិត្តភ័ក្រ នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
ជនរងគ្រោះឈ្មោះ សិនសុភ័ត្រា អាយុ ២៤ ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់នៅក្នុងសង្កាត់ព្រែកកំពិស ខណ្ឌដង្កោ និងជាម្ចាស់ម៉ូតូមួយគ្រឿងម៉ាក Suzuki ឡែត ពណ៌ស ស៊េរី២០១៥ ពាក់ស្លាកលេង ភ្នំពេញ 1FE- 2898 ។
ជនរងគ្រោះ បានបន្តទៀតថា នៅមុនពេលកើតហេតុ រូបគេជិះម៉ូតូចេញពីអង្គុយលេង នៅសួនច្បារណាហ្គាវើល ហើយពេលនោះ ខ្លួន និងមិត្តភ័ក្រម្នាក់ឈ្មោះ ម៉េង បានជិះម៉ូតូលេងមកតាមផ្លូវដរ អរិយក្សត្រ ពួកគេក៏បានឈប់ម៉ូតូរងចាំមិត្តភ័ក្រផ្សេងទៀត ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមមានគ្នា៤ទៅ៥ នាក់ បានជិះម៉ូតូពីរគ្រឿងមកស្ទាក់ នឹងយកដុំថ្មគប់មកលើ មិត្តភ័ក្រម្នាក់ឈ្មោះ ម៉េង បណ្តាលឲ្យរបួស ហើយក្រុមជនល្មើសនោះ ក៏ទាញ់ដាវសាម៉ូវៃ ដេញកាប់ពួកគេទៀត ដោយសារភ័យខ្លាចគ្រោះថ្នាក់ពេក ពួកគេក៏រត់ចោលម៉ូតូ ដើម្បីរកកន្លែងមានមនុស្សសុំឲ្យគេជួយ ។ ភ្លាមៗនោះ ក្រុមជនសង្ស័យ ក៏បានយកម៉ូតូរបស់ជនរងគ្រោះ ជិះគេចចេញទៅបាត់ស្រមោល។
ក្រោយពេលកើតហេតុ ជនរងគ្រោះ បានត្រឹមតែទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិនគរបាលរដ្ធបាលចតុមុខ ដើម្បីឲ្យសមត្ថកិច្ច សាកសួរធ្វើកំណត់ហេតុ ដើម្បីកំណត់មុខសញ្ញាតាមវែករកមុខជនល្មើស យកមកផ្តន្ទាទោសតាមច្បាប់៕
មតិយោបល់