ព័ត៌មានជាតិ

បែនដឹកខ្សាច់ បុករបងផ្ទះពលរដ្ឋ ក្រឡាប់សង្កត់លើលោកយាយម្នាក់ របួសធ្ងន់ចំណែកអ្នកបើករថយន្តបែកក្បាល

កណ្តាល: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីរថយន្តបែនដឹកខ្សាច់មួយគ្រឿង បើកគេចពីរថយន្តកុងតឺន័រ ជ្រុលចង្កូតបុករបងផ្ទះប្រជាពលរដ្ឋ រលំសង្កត់លោកយាយម្នាក់ ដែលកំពុងអង្គុយលេងខាងមុខផ្ទះ បណ្តាលឲ្យរងរបួសធ្ងន់បែកក្បាល ចំណែករថយន្តបង្កបានក្រឡាប់ចាក់ខ្សាច់ចោល បណ្តាលឲ្យអ្នកបើកបររបួសធ្ងន់បែកក្បាលដូចគ្នា។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ និង០៥នាទី ល្ងាចថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ២៦-២៧ ភ្នំពេញ-អ្នកលឿង ក្នុងភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្តាល។

ជនរងគ្រោះទាំង២នាក់ខាងលើ ទី១មានឈ្មោះ ពៅ ភ័ណ្ឌ ភេទស្រី អាយុ៨៦ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ របួសធ្ងន់ និងជនរងគ្រោះទី២ឈ្មោះ សឹង ថេវ ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល របួសធ្ងន់ (ជាអ្នកបើករថយន្តបង្ក)។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្ត ប៉ែនដឹកខ្សាច់ ម៉ាកថេនថឺ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1401 ចង្កូតស្តាំ បានបើកដឹកខ្សាច់ ក្នុងទិសដៅ ពីកើតមកលិច អ្នកលឿង-ភ្នំពេញ លុះបានមកដល់ចំណុចកើតហេតុ រថយន្តបង្ក បានបើកគេចពីរថយន្តកុងតឺន័រមួយគ្រឿងទៀត ក៏រ៉េ ចង្កូតជ្រុលទៅបុករបងថ្មផ្ទះកើតហេតុ រួចក្រឡាប់រថយន្ត ជះខ្សាច់សង្កត់លើឈ្មោះពៅ ភ័ណ្ឌ ភេទស្រី ជាម្ចាស់ផ្ទះ ខណ:កំពុងអង្គុយលេងខាងមុខផ្ទះបណ្តាលឲ្យរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលនៅភ្នំពេញ។ ចំណែកអ្នកបើកបររថយន្តបង្ក រងរបួសធ្ងន់ត្រូវបានបងប្អូនសាច់ញាតិ ដឹកយកទៅព្យាបាល
នៅមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ។

ក្រោយពីកើតហេតុ ជំនាញសណ្តាប់ ធ្នាប់ចរាចរណ៍ស្រុកកៀនស្វាយ បានចុះមកធ្វើការពិនិត្យនិងវាស់វែង និងបាននាំយករថយន្តបង្កខាងលើ យកទៅរក្សាទុក ដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់ផងដែរ៕

មតិយោបល់