ព័ត៌មានជាតិ

លួចម៉ូតូគេមិនសម្រេច ជាប់ខ្នោះសមត្ថកិច្ច

ភ្នំពេញ: ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានប្រជាពលរដ្ឋ ព័ទ្ធចាប់ខ្លួនបានវាយស្វាគមន៍យ៉ាងចាស់ដៃ ក្រោយពីធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋ តែមិនបានសម្រេច។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវមុន្នីរ៉េត ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធាំនីភ្នំពេញ។

ប្រភពព័ត៌មានពីម្ចាស់ម៉ូតូបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានទុកម៉ូតូមួយគ្រឿងម៉ាក Today ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 1BY-5678 ដោយមិនបានដកសោពីម៉ូតូ ឃើញឱកាសល្អ ជនសង្ស័យទាំង២នាក់បានឡើងបញ្ចេះម៉ូតូ បម្រុងនិងជិះគេចខ្លួនរត់ តែសំណាងអាក្រក់ម្ចាស់ម៉ូតូឃើញទាន់ ក៏បានដេញតាមចាប់ជនសង្ស័យបានម្នាក់។ ចំណែកម្នាក់ទៀតរត់រួចដោយសុវត្ថិភាព។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាន មានឈ្មោះ នូវ វាសនា អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនិតិវិធីច្បាប់៕

//youtu.be/vITZuatV8QU

មតិយោបល់