តាមរយៈទូរសព្ទដៃត្រកូល G ជំនាន់ថ្មី ដែលទើបត្រូវបានប្រកាសចេញជាផ្លូវការកាលពីប៉ុន្មានថ្ងៃមុននេះ នៅឯសមាជទូរសព្ទចល័តពិភពលោក WMC 2017 នាទីក្រុង Barcelona គេពុំបានឃើញមានទៀតឡើយនូវបច្ចេកវិទ្យានៃរចនាបង្គុំ Modular របស់ LG ដែលបានលេចវត្តមានលើកដំបូងនៅលើ G5 ដែលជាជំនាន់មុនរបស់វា។
ការសម្រេចលះបង់ចោលរចនាបថទើបតែមានអាយុមួយឆ្នាំនេះ និងដែលអនុញ្ញាត្តឱ្យអ្នកប្រើប្រាស់ដោះដូរ Hardware ដើម្បីបន្ថែមសមត្ថភាពរបស់ទូរសព្ទនោះ ត្រូវបានក្រុមហ៊ុនដាក់ជំនួសដោយអេក្រង់ដែលលាតសន្ធឹងកាន់តែធំ ស្មើរនឹង ៧៨% នៃផ្ទៃតួទូរសព្ទ។ វាបានជួយឱ្យទូរសព្ទ LG G6 មានទំហំតូចជាង G5 បើទោះបីជាវាបំពាក់អេក្រង់ទំហំ ៥.៧ អីុញ ធំជាង G5 ដែលមានអេក្រង់ទំហំត្រឹមតែ ៥.៣ អីុញ ក៏ដោយ។ ពោលគឺ អេក្រង់កាន់តែធំ ទូរសព្ទកាន់តែតូច។
បន្ថែមពីនេះ ក្រុមហ៊ុនបានបង្កើនគុណភាពអេក្រង់រហូតដល់ខ្នាត Quad HD+ ឬស្មើនឹង ១៤៤០x២៨៨០ ភិចសែល ជាមួយវិមាត្រ ១៨:៩ (បណ្តោយ ១៨, ទទឹង ៩) ដែលខុសប្លែកពីវិមាត្រអេក្រង់របស់ស្មាតហ្វូនទូទៅ។ ជាងនេះទៀត វាត្រូវបានស្រោបដោយបច្ចេកវិទ្យាមិនជ្រាបទឹក និងបង្កើនសមត្ថភាពកាមេរ៉ាភ្លោះខាងក្រោយឱ្យមានទំហំ ១៣ មេហ្គាភិចសែលស្មើរគ្នា និងថាមពលថ្មមានរហូតដល់ ៣៣០០ មីល្លីអំព៊ែរម៉ោង សាកថាមពលរហ័សពេញ និងមិនចាំបាច់ដោតខ្សែចូលក្នុងតួ ។ នេះគឺដោយសារវាបំពាក់បច្ចេកវិទ្យា Wireless Charger និង Quick Charge 3.0៕

មតិយោបល់