ភ្នំពេញ: ស្រ្តីម្នាក់បានទទួលរងគ្រោះ ដោយអំពើហិង្សាពីសំណាក់ប្តី ដោយសារតែប្ដីរករឿងវាយដំ ធ្វើ បាបជាច្រើនលើកច្រើនសារ រហូតគាត់ទ្រាំលែងបាន ក៏សម្រេចចិត្តថា ត្រូវតែលែងលះប្ដីកំហូចនោះតែម្ដង បន្ទាប់មកស្រ្តីខាងលើបានធ្វើដំណើរ ទៅកាន់សាលាសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង២និង១០នាទី រសៀលថ្ងៃទី១ ខែមិនា ឆ្នាំ២០១៧នេះ ដើម្បីសុំការអន្តរាគមន៍លែងលះប្ដី ពីសំណាក់អាជ្ញាធរសង្កាត់ខាងលើ។ ប៉ុន្តែអាជ្ញាធរមិនបានទទួលដោះស្រាយឡើយ ព្រោះអ្នកទាំងពីរគ្រាន់តែជាអ្នកស្នាក់នៅបណ្ដោះអាសន្ន នៅក្នុងសង្កាត់ចោមចៅតែប៉ុណ្ណោះ ហើយអាជ្ញាធរបានបង្វែរឲ្យនាង ទៅប្ដឹងអាជ្ញាធរនៅស្រុកកំណើតនាងវិញ ម្យ៉ាងការលែងលះគ្នារវាងប្ដីនិងប្រពន្ធ គឺមានតែតុលាការទេទើបអាចសម្រេចបាន។
ប្រភពព័ត៌មានបានឲ្យដឹងថា ស្រ្តីម្នាក់នេះឈ្មោះ មៀច មុំ អាយុ៣១ឆ្នាំ មុរបរកម្មការិនីរោងចក្រ ស្នាក់នៅក្នុងភូមិអង្គកែវ សង្កាត់ចោមចៅ និងមានស្រុកកំណើត នៅក្នុងភូមិត្រពាំងជំរៅ ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ចំណែកលោកប្ដី របស់នាងឈ្មោះ ង៉ែត សាវុធ អាយុ៣២ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅក្នុងភូមិអង្គកែវ សង្កាត់ចោមចៅ និងស្រុកកំណើតនៅក្នុងភូមិព្រៃញាតិ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ពួកគាត់មានកូនស្រីម្នាក់អាយុ៨ឆ្នាំ ដោយអ្នកទាំងពីរ បានរៀបការអស់រយៈពេល៩ឆ្នាំមកហើយ។
ស្រ្តីនោះបាននិយាយប្រាប់ឲ្យអាជ្ញាធរដឹងថា នាងនិងប្ដីបានរៀបការជាមួយគ្នាច្រើនឆ្នាំមកហើយ បានកូនស្រីម្នាក់ នៅក្នុងបន្ទុកគ្រួសារ ប៉ុន្តែមិនបានចុះសបុត្រអាពាហ៍ពិពាហ៍នោះឡើយ ហើយការចាប់ដៃគ្នាជាប្ដីប្រពន្ធ គឺមុនដំបូងមានសេចក្ដីសុខណាស់ ហើយលោកប្ដីមានមុខរបរជាអ្នករត់ម៉ូតូឌុប ចំណែកឯនាងមានមុខរបរជាកម្មការិនីរោងចក្រកាត់ដេរ ហើយនៅពេលទំនេរបានអ៊ុតសក់ឲ្យគេផងដែរ។ ប៉ុន្តែរយៈពេលប្រហែលជាង១ឆ្នាំ កន្លងមកនេះ លោកប្ដីតែងតែបានរករឿងវាយតប់ នាងជាបន្តបន្ទាប់ ដែលទង្វើរនោះបានធ្វើឲ្យមានភាពរកាំរកូសនៅក្នុងរង្វង់គ្រួសារ ហើយនាងក៏ចាប់ផ្ដើមអស់ចិត្ត អស់និស្ស័យស្នេហ៏ ជាមួយនិងប្ដីនោះតទៅទៀតហើយ។ នៅចុងក្រោយនេះ ប្ដីបានវាយនិងចាប់ច្របាច់កនាង គ្មានមេត្តាទើបពេលនេះនាងសម្រេចចិត្តថាត្រូវតែលែងគាត់ចោល និងបានសុំអន្តរាគមន៏ពីអាជ្ញាធរសង្កាត់ ប៉ុន្តែលោកប្ដីនាងវិញប្រាប់ថា មិនលែងនាងដាច់ខាត និងបានធ្វើដំណើរទៅកាន់ស្រុកកំណើតបាត់ហើយ៕
មតិយោបល់