ព័ត៌មានជាតិ

ផ្ទះ៤៥ខ្នង នៅសង្កាត់ស្រះចក ត្រូវអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង ក្នុងពេលប្រមាណតែ ៤៥នាទី

ភ្នំពេញ: នៅវេលាម៉ោង០៥និង៤៥នាទី ល្ងាចថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៧នេះ មានអគ្គិភ័យមួយកន្លែងកើតឡើងនៅ តាមបណ្តោយផ្លូវជាតិលេខ៥ ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងរបស់ស្នងការនគរបាលរាជធានីភ្នំពេញ បានចុះប្រតិបត្តិបាញ់ពន្លត់។ សូមបញ្ជាក់ថាផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះ គឺជាផ្ទះឈើប្រក់ស័ង្កសី ក្បែរច្រាំងទន្លេដែលភាគច្រើនសុទ្ធតែជនជាតិវៀតណាមរស់នៅទីនោះ។

ក្នុងរបាយការណ៍បឋមរបស់នគរបាលក្រុងភ្នំពេញបានរាយការណ៍លំអិតថា នៅថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៧ វេលាម៉ោង១៧និង៤៥នាទី នៅត្រង់ចំណុច ក្លឹបកំសាន្តចតុមុខ ផ្លូវជាតិលេខ៥ ភូមិ១៦ សង្កាត់ ស្រះចក ខណ្ឌដូនពេញ មានករណីអគ្គិភ័យមួយបានឆាបឆេះឡើង បណ្តាលអោយឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន៤៥ខ្នង ផ្ទះទាំងស្រុង។ មូលហេតុគឺបណ្តាលមកពីទុស្សេខ្សែភ្លើង។

នគរបាលបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន២០គ្រឿង រួមទាំងអូប័រ នៃការិយាល័យបង្ការ និងពន្លត់អគ្គិភ័យជើងទឹកស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ អស់ចំនួន២គ្រឿង រថយន្តពន្លត់អគ្គីភ័យ របស់ស្រាបៀរកម្ពុជាចំនួន១គ្រឿង សាលាខណ្ឌឬស្សីកែវចំនួន១គ្រឿង ទីក្រុងជ្រោយជង្វារចំនួន៥គ្រឿង ក្រសួងមហាផ្ទៃចំនួន០១គ្រឿង និងរថយន្តស្ថាននីយតេឡាប្រេងឥន្ទនៈ ចំនួន០១គ្រឿងផងដែរ ។

អគ្គីភ័យត្រូវបានពន្លត់ទាំងស្រុងនៅវេលាម៉ោង០៦និង៣០នាទី នាថ្ងៃដដែល៕ សូមបញ្ជាក់ថាលោកអ្នកអាចចូលទៅកាន់ផែកហ្វេសប៊ុក Post News Media ដើម្បីទស្សនាការផ្សាយពីកន្លែងកើតហេតុ៕

មតិយោបល់